អគ្គិភ័យឆេះភ្នំដងរែក ត្រូវកម្លាំងជំនាញគ្រប់គ្រងស្ថានការបាន តែមូលហេតុបង្កអាជ្ញាធរតំបន់ថាមិនដឹង
អុន សម្ផស្ស
17 មករា 2025 04:15 AM

ខេត្តបន្ទាយមានជ័យ៖ ករណីអគ្គិភ័យឆេះនៅតាមបណ្តោយជួរភ្នំដងរែក ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីជំនាញ និងព្រះសង្ឃចេញជយយអន្តរាគមន៍ពន្លត់គ្រប់គ្រងស្ថានការបាន នៅអំឡុងពេលទាបភ្លឺថ្ងៃទី១៧មករា ឆ្នាំ២០២៥នេះ ប៉ុន្តែមូលហេតុដែលបណ្តាលឱ្យកើតអគ្គិភ័យ អាជ្ញាធរតំបន់ថាមិនអាចកំណត់បាន…។

លោក ឈឿន គឹមឈុន អធិការស្រុកថ្មពួក ថ្លែងប្រាប់ SBM News តាមរយៈទូរសព្ទនៅព្រឹកថ្ងៃទី១៧មករានេះថា ករណីអគ្គិភ័យនោះអាជ្ញាធរមិនអាចកំណត់បានថា កើតមានចាប់ពីម៉ោងណានោះទេ ព្រោះជាករណីឆេះរាលបន្តមកពីទីតាំងផ្សេង។ ប៉ុន្តែកម្លាំងជំនាញបានដឹងនឹងចេញពន្លត់នៅពេលជិតពាក់កណ្តាអធ្រាត្រឈានចូលថ្ងៃទី១៧ ដោយមានមន្ត្រីអាវុធហត្ថនៅតាមបន្ទាត់ព្រំដែន មន្ត្រីនគរបាល និងព្រះសង្ឃគង់នៅវត្តគិរីរុក្ខារាមថ្មរមៀល។ ចំពោះការខូចខាត លោកអធិការមិនអាចបញ្ជាក់បានទេថា មានទំហំ​ប៉ុនណា ដោយគ្រាន់តែអះអាងថា មិនមានផលប៉ះពាល់ដីចម្ការ ឬទ្រព្យសម្បត្តិពលរដ្ឋនោះឡើយ។ លោក អធិការស្រុក បញ្ជាក់៖«យើងមិនអាចកំណត់បាននោះទេ ឃើញតែឆេះយើងនាំគ្នាបង្ការការពារចឹងទៅ[..]ពីពេលណាយើងម៉េចនឹងដឹងអូនហ្អា៎! ព្រោះអីវាឆេះរាលមកហ្នឹង យើងអត់អាចកំណត់បានទេ[..]រាលពីខាងគេមក»។   

លោក ឈឿន គឹមឈុន អធិការស្រុកថ្មពួក
លោក ឈឿន គឹមឈុន អធិការស្រុកថ្មពួក

ដោយឡែក ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ លោក យឹម លី បដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយព្រោះលោកកំពុងជាប់ប្រជុំ។ លោកប្រធានមន្ទីរបញ្ជាក់បានខ្លីថា«[..]ព័ត៌មានហ្នឹងក្រុមការងារកំពុងចុះទៅ អត់ទាន់បានរបាយការណ៍មកដល់ទេ.. ទើបឱ្យក្រុមការងារទៅព្រឹកមិញ[..]»

សូមជម្រាបថា អនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិជំពូកទី៣ មាត្រា៨៤៩ បានចែងថា ការធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី១ ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែដល់១ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀល ដល់១០០លានរៀល។ ដោយឡែក តាមមាត្រា៨៥១ ចំពោះបុគ្គលណាដែលបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោកដោយចេតនាជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣​ ក្នុងតំបន់ការពារធម្មជាតិដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត