
រាជធានីភ្នំពេញ៖ នៅទីបំផុតលោកស្រី ម៉ន ដានី ដែលគេស្គាល់ថា ជាម្ចាស់គម្រោងអចលនទ្រព្យ KP ម៉នដានី ដែលសម្បូរទៅដោយរឿងអាស្រូវរុំខ្លួននោះ ត្រូវបានអាជ្ញាធរខ្មែរ -ថៃ សហការគ្នាឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៦មករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ...។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ពាក់ព័ន្ធការឃាត់ខ្លួនម្ចាស់គម្រោងដីឡូតិ៍ នឹងផ្ទះល្វែងរូបនេះ គឺដោយសារបុគ្គលរូបនេះមានបំណងចូលមកទឹកដីកម្ពុជា ប៉ុន្តែត្រូវបានអាជ្ញាធរឃាត់ខ្លួនតែម្ដង។ យ៉ាងណា លោកស្នងការបន្ថែមថា បុគ្គលឈ្មោះ ម៉ន ដានី ត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនខ្លួនបន្តមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រនេះហើយ។

ជុំវិញការចាប់ខ្លួនលោកស្រី ម៉ន ដានី ម្ចាស់គម្រោងអចលនទ្រព្យ គឺទៅតាមដីការបង្គាប់ឱ្យនាំខ្លួនរបស់លោក លី សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន(ចេញសែកស្អុយ) ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤៕




