កាស៊ីណូអនឡាញ Call Center មួយកន្លែងទៀត កំពុងបង្កប់ខ្លួនក្នុងតំបន់អភិវឌ្ឍន៍ឆាយណាថោនអូរនាង
អាន ប៊ុនរ័ត្ននៈ
27 មករា 2025 07:17 AM

ក្រុងប៉ោយប៉ែត៖ ប្រភពព័ត៌មានពីអតីតបុគ្គលិកខ្មែរធ្លាប់បម្រើការងារនៅកាស៊ីណូអូរនាងអន្តរជាតិ បានបង្ហើបឱ្យដឹងថា អគារកាស៊ីណូអូរនាងអន្តរជាតិ មួយដែលមានម្ចាស់ជាជនជាតិខ្មែរឈ្មោះ «តាតឹក» បានជួលផ្តាច់មុខទៅឱ្យថៅកែជនជាតិចិនមកពីខេត្តព្រះសីហនុ បើកកាស៊ីណូអនឡាញ Call Center បង្កប់នៅខាងក្នុង ដោយមានបុគ្គលិកជនជាតិបរទេសដូចជា៖ នេប៉ាល់ ប៉ាគីស្ថាន និងឥណ្ឌា កំពុងបម្រើការងារយ៉ាងអាថ៌កម្បាំងនៅទីនោះ ខណៈពួកគេមិនត្រូវបានអនុញ្ញាតឱ្យចេញក្រៅជាសាធារណៈឡើយ...។

ប្រភពឱ្យដឹងបន្តថា អគារកាស៊ីណូអូរនាងអន្តរជាតិ កាលពីមុនមានការបើកល្បែងភ្នាល់គ្រប់ប្រភេទ ដោយអនុញ្ញាតឱ្យភ្ញៀវបរទេសចម្រុះជាតិសាសន៍ ចូលលេងកម្សាន្តប្រចាំថ្ងៃ ជាពិសេសភ្ញៀវថៃ និងបរទេសផ្សេងទៀតឆ្លងដែនចូលមកលេងរាប់សិបនាក់ក្នុងមួយថ្ងៃៗមិនដែលដាច់។ ចំណែកបុគ្គលិកបម្រើការងារនៅក្នុងកាស៊ីណូនោះ ភាគច្រើនជាជនជាតិខ្មែរ ថៃ និងឥណ្ឌូណេស៊ី។ ប៉ុន្តែក្រោយផ្ទុះឡើងនៃវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ ភ្ញៀវថៃ និងបរទេសដែលធ្លាប់តែមកលេងនៅកាស៊ីណូមួយនេះ បានថយចុះយ៉ាងគំហុក និងស្ទើរតែគ្មានសោះឡើយនារយៈពេលនោះ។ យ៉ាងណា ក្រោយរាជរដ្ឋាភិបាលប្រកាសបើកព្រំដែនឡើងវិញ ម្ចាស់កាស៊ីណូ បានជ្រើសរើសបុគ្គលិកចូលបម្រើការងារជាធម្មតាវិញ ប៉ុន្តែភ្ញៀវថៃដែលធ្លាប់តែមកលេង បាននាំគ្នាចូលទៅលេងកាស៊ីណូនៅក្រុងប៉ោយប៉ែតជាប់ព្រំដែនខ្លួនវិញ ធ្វើឱ្យអគារកាស៊ីណូអូរនាងអន្តរជាតិមួយនេះ បាត់ភ្ញៀវស្ទើរតែបិទទ្វារម្ដងៗទៅហើយ។

អតីតបុគ្គលិកកាស៊ីណូរូបនោះបន្ថែមថា នៅពាក់កណ្តាលឆ្នាំ២០២៤ មានថៅកែជនជាតិចិនមកពីខេត្តព្រះសីហនុ បានទាក់ទងជួលអគារកាស៊ីណូអូរនាងអន្តរជាតិនេះទាំងមូលតែម្ដង ដោយបុគ្គលិកខ្មែរមួយចំនួនធំត្រូវបានបញ្ឈប់ពីការងារ ព្រោះភាគីខាងថៅកែជនជាតិចិន មិនត្រូវការបុគ្គលិកបម្រើសេវាកម្មការងារផ្ទាល់នៅនឹងកន្លែងទៀតទេ។ ក្រោយមកទីតាំងអគារកាស៊ីណូខាងលើបានបិទទ្វាររបងជិតឈឹង និងមិនអនុញ្ញាតឱ្យមានការចេញចូលសេរីដូចពេលមុនៗឡើយ។ ជាមួយគ្នានោះ ក៏មានរថយន្តទំនើបៗ បើកនាំមនុស្សមកពីខាងក្រៅចូលទៅខាងក្នុងអគារកាស៊ីណូរាល់យប់។ ដោយឡែក ប្រភពព័ត៌មានពីបុគ្គលិកសន្តិសុខនៅខាងក្រៅអគារកាស៊ីណូ ដែលសុំលាក់អត្តសញ្ញាណ បានបង្ហើបឱ្យដឹងថា អគារកាស៊ីណូអូរនាងអន្តរជាតិ ពិតជាមានប្រតិបត្តិការសកម្មភាពកាស៊ីណូអនឡាញប្រាកដមែន ប៉ុន្តែត្រង់ថា កាស៊ីណូអនឡាញនោះស្របច្បាប់ ឬខុសច្បាប់ លោកមិនបានដឹងទេ ព្រោះគេមិនអនុញ្ញាតឱ្យចូលទៅខាងក្នុងអគារក្រៅតែពីបុគ្គលិកជំនាញផ្ទាល់ឡើយ។ រីឯបុគ្គលិកបម្រើការងារនៅខាងក្នុងនោះ ក៏មិនត្រូវបានអនុញ្ញាតឱ្យចេញមកខាងក្រៅដូចគ្នាដែរ។

សូមបញ្ជាក់ថា [អូរនាង] ជាតំបន់សេដ្ឋកិច្ចពិសេសមួយនៅក្រុងប៉ោយប៉ែត ដែលគេប្រសិទ្ធនាមថា ជា «ឆាយណាថោនអូរនាង» ដោយទីតាំងខាងលើ ត្រូវបានបង្កើតឡើងក្នុងទំហំផ្ទៃដី៣៨៦ហិកតានិង២៩៩១ម៉ែត្រក្រឡា ដើម្បីជំរុញការវិនិយោគនៅតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យមានសន្ទុះសេដ្ឋកិច្ចកើនឡើង។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសអូរនាង មានគម្រោងសាងសង់លំនៅឋានជាបុរី, កាស៊ីណូ និងផែស្ងួត ប៉ុន្តែគេសង្កេតឃើញថា មានតែអគារកាស៊ីណូប៉ុណ្ណោះដែលត្រូវបានលេចរូបរាងឡើង ខណៈគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត នៅមិនទាន់មានការស្ថាបនាសាងសង់ជាផ្លូវការណាមួយឡើយ។

ចំពោះ អគារកាស៊ីណូអូរនាងអន្តរជាតិ នេះ ក៏មានព័ត៌មានល្ហិចល្ហៀងថា គឺជាការបណ្តាក់ទុនរកស៊ីរួមគ្នារវាងអ្នកមានទ្រព្យស្តុកស្ដម្ភម្នាក់ឈ្មោះ «តាតឹក» សហការជាមួយ ឧកញ៉ាម្នាក់ មានឈ្មោះខ្នា ដែលល្បីសម្បូរទៅដោយរឿងអាស្រូវឧក្រិដ្ឋកម្មព្រៃឈើរុំខ្លួន។ ទោះយ៉ាងណា មហាជនសង្ឃឹមថា អាជ្ញាធរសមត្ថកិច្ច គួរមានវិធានការស៊ើបអង្កេតលើអគារកាស៊ីណូមួយនេះ ដើម្បីលាងជម្រះមន្ទិលសង្ស័យរបស់មហាជន។ បន្ថែមលើនេះ អគារកាស៊ីណូអូរនាងអន្តរជាតិ ក៏ត្រូវបានគេបង្ហើបប្រាប់បន្ថែមថា មានជាប់ពាក់ព័ន្ធជាមួយថៅកែចិនបើកកាស៊ីណូអនឡាញ Call Center ក្នុងតំបន់អភិវឌ្ឍរបស់ក្រុមហ៊ុនខ្មែរ-ចិន មួយនៅឃុំអូរបីជាន់ផងដែរ..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត