អាគារកាស៊ីណូដែលភ្លើងឆេះរុះរើបាន៧០ភាគរយ តែមិនទាន់អនុញ្ញាតឱ្យរថយន្តធំៗឆ្លងកាត់ទេ
អុន សម្ផស្ស
25 កុម្ភៈ 2023 10:00 AM

ខេត្តបន្ទាយមានជ័យ៖ អគារកាស៊ីណូ ដែលត្រូវឆាបឆេះនៅច្រកអន្តជាតិប៉ោយប៉ែត ពេលនេះកំពុងត្រូវបានក្រុមហ៊ុនរុះរើវាយកម្ទេច និងកាត់ដែកអគារជញ្ជូនចេញ សម្រេចបាន៧០ភាគរយ ហើយគិតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ប៉ុន្តែនៅមិនទាន់អនុញ្ញាតឱ្យរថយន្តធំៗ ប្រភេទសចរ ឬរថយន្តដឹកទំនេញឆ្លងកាត់នៅឡើយនោះទេ។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន បានឱ្យដឹងថា ក្រោយគ្រោះមហន្តរាយអគ្គិភ័យឆាបឆេះអគារកាស៊ីណូហ្ក្រេនអឹដាយមិនស៊ីធី កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដែលមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់នោះ រហូតពេលនេះក្រុមហ៊ុនម៉ៅការបានធ្វើការរុះរើ និងសំអាតបានប្រមាណ៧០ភាគរយហើយ។ ពោលអាចបើកដំណើរការធ្វើចរាចរឡើងវិញបានពីរង្វង់ប៉ោយប៉ែត ទៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយអនុញ្ញាតឱ្យភ្ញៀវជាតិ-អន្តរជាតិចេញ ចូលធម្មតាតែតម្រូវឱ្យឆ្លងកាត់តាមបរិវេណកាស៊ីណូទៅផ្លូវដើមពុទ្រា។

លោកបន្តថា ចំពោះរថយន្តដឹកទំនិញគឺនៅបន្តចេញ-ចូលតាមច្រកទ្វារអន្តរជាតិស្ទឹងបទដដែលរហូតដល់មានការបើកឱ្យដំណើរការជាផ្លូវឡើងវិញនៅអំឡុង ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ព្រោះច្រកទ្វារអន្តរជាតិប៉ោយប៉ែតបច្ចុប្បន្នផ្លូវដើមពុទ្រាមានសភាពតូចចង្អៀត ការចេញចូលមានការស្ទៈបន្តិចបន្ទួចតែអាចសម្រួលបានឱ្យភ្ញៀវជាតិ-អន្តរជាតិចេញចូលបាន។

សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី២៨ ដល់២៩ ខែធ្នូ ឆ្នាំ២០២២ មានរណីអគ្គិភ័យមួយ បានឆាបឆេះអគារកាស៊ីណូរបស់ក្រុមហ៊ុនកាស៊ីណូហ្ក្រេនដាយអឺមេនស៊ីធី និងអគារក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតរីសត ដោយមានអ្នកស្លាប់២៧នាក់ និងអ្នករងរបួស៥៧នាក់។ អាជ្ញាធរក៏បានធ្វើការបិទផ្លូវមិនឱ្យឆ្លងកាត់ដើម្បីការពារសុវត្ថិភាព និងបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនរុះរើ និងសំអាត ដោយបានបង្វែរឱ្យរថយន្តដឹកទំនិញចេញ-ចូលតាមច្រកអន្តរជាតិស្ទឹងបត់រហូតមកដល់ពេលនេះ៕ រាយការណ៍ដោយ៖លោក ឈុនមករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត