
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦មករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវថ្នាលបឋម PLP (PLP EdTech) ដែលអាចជួយគាំទ្រដល់ការរៀនសូត្រ បង្រៀន និងការត្រួតពិនិត្យការសិក្សារបស់សិស្សដោយភាពងាយស្រួល…។

ថ្នាលបឋម PLP (PLP EdTech) ធ្វើឡើងដើម្បីជាជំនួយថ្មីមួយបន្ថែមសម្រាប់គ្រូបង្រៀន ដែលអាចបង្កភាពងាយស្រួលក្នុងតាមដានសកម្មភាពសិក្សា លទ្ធផលសិក្សារបស់សិស្ស និងរៀបចំផែនការបង្រៀនស្របតាមសមត្ថភាពសិស្ស។ មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងអ្នកស្រាវជ្រាវ ក៏អាចធ្វើការវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស តាមគំរូតេស្តវាយតម្លៃថ្នាក់ជាតិ (ថ្នាក់ទី៣ និងទី៦) និងថ្នាក់តំបន់ SEA-PLM (ថ្នាក់ទី៥) ផងដែរ។ មួយវិញទៀត ក្រៅពីមន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងគ្រូបង្រៀន មាតាបិតា អាណាព្យាបាល ក៏អាចតាមដានការសិក្សារបស់កូនដោយផ្អែកលើទិន្នន័យសិក្សា និងលទ្ធផលសិក្សាប្រចាំថ្ងៃ សប្តាហ៍ ឬប្រចាំខែ។

អត្ថប្រយោជន៍មួយបន្ថែមទៀត ក្រៅពីអនុញ្ញាតឱ្យគ្រូបង្រៀន អាណាព្យាបាលតាមដានការសិក្សារបស់សិស្សានុសិស្ស ថ្នាលនេះក៏អាចឱ្យសិស្សបង្កើនចំណេះដឹងខ្លួនឯងបន្ថែម តាមរយៈការធ្វើសំណួរតេស្តលើមុខវិជ្ជានានាដូចជា ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ និងមុខវិជ្ជាផ្សេងទៀត ទៅតាមមេរៀននីមួយៗដែលមានដូចនៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំដែរ។ មិនតែប៉ុណ្ណោះ សិស្សក៏អាចទស្សនាវីដេអូការបង្រៀន និងអាចជ្រើសរើសសៀវភៅមកអានតាមបែបឌីជីថល៕



