រាជរដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារបន្ថែម ជួយដោះស្រាយបញ្ហាស្រូវកំពុងធ្លាក់ថ្លៃ
S
Soriya Sou
16 មករា 2025 09:48 AM

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៥មករា ឆ្នាំ២០២៥ បានសម្រេចទម្លាក់ថវិកាចំនួន៣០លានដុល្លារអាម៉េរិកបន្ថែមទៀត ដើម្បីដោះបញ្ហាតម្លៃស្រូវដែលកំពុងធ្លាក់ចុះ ខណៈថវិកានេះបានទៅដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មហើយ ដើម្បីបញ្ចេញទិញស្រូវពីប្រជាកសិករ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីល្ងាចថ្ងៃទី១៥ ខែមករា ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវស្រែប្រាំង។

                         សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា
                         សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា

ការសម្រេចទម្លាក់ថវិកាចំនួន៣០លានដុល្លារអាម៉េរិកបន្ថែមទៀត របស់រាជរដ្ឋាភិបាលកម្ពុជានៅពេលនេះ គឺបានធ្វើឡើងបន្ទាប់ពីតម្លៃស្រូវប្រភេទអូអឹម(OM) ដែលជាពូជមកពីប្រទេសវៀតណាម មានការធ្លាក់ចុះយ៉ាងគំហុក បង្កឱ្យមានការតវ៉ាបិទផ្លូវជាតិលេខ៥នៅខេត្តបាត់ដំបង ខណៈប្រជាកសិករធ្វើស្រែប្រាំងនៅតាមបណ្ដាខេត្តមួយចំនួនទៀត ក៏កំពុងជួបការលំបាកលើការទម្លាក់តម្លៃជាបន្តបន្ទាប់ពីសំណាក់ក្រុមឈ្មួញកណ្តាល ដែលបានចុះទិញស្រូវប្រភេទអូអឹមនេះនាំយកទៅលក់បន្តនៅប្រទេសវៀតណាម ស្របពេលដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ ក៏កំពុងធ្លាក់ចុះនូវឱនភាពនៃតម្លៃស្រូវរបស់ខ្លួនលើទីផ្សារអន្តរជាតិផងដែរ។

លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម 
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម 

លោកបណ្ឌិត កៅ ថាច គូសបញ្ជាក់បន្ថែមថា សុវត្ថិភាពស្បៀង និងការធ្វើពិពិធកម្មពាណិជ្ជកម្មស្រូវអង្ករនេះ គឺជាបញ្ហាធំមួយមួយដែលរាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាក់ស្ដែង មកទល់ពេលនេះ រាជរដ្ឋាភិបាលបានទម្លាក់ទុនពិសេសចំនួន៥លើកហើយ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអ្នកបញ្ចេញ ដើម្បីទ្រទ្រង់លើវិស័យកសិកម្មទាំងមូល។ បើតាម លោក កៅ ថាច មកទល់នឹងពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទម្លាក់ថវិកាចូលវិស័យស្រូវអង្ករ ប្រហែលជាង២០៨លានដុល្លារអាម៉េរិក ក្នុងនោះ មានទុនវិយោគប្រមាណ៣០លានដុល្លារអាម៉េរិក ហើយក្រៅពីនោះសុទ្ធតែជាទុនបង្វិល។

ទោះជាយ៉ាងណាក៏ដោយ ក្នុងកំលុងពេលស្រូវអូអឹមរបស់វៀតណាមដែលកំពុងធ្លាក់ថ្លៃនេះ ក្រៅពីការទម្លាក់ថវិកាជួយអន្តរាគមន៍បន្ថែម ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈក្រសួងកសិកម្មជាសេនាធិការផ្ទាល់ បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករឱ្យងាកមករួមគ្នា បង្កើតសហគមន៍កសិកម្មទំនើប តាមតំបន់របស់ខ្លួន ដើម្បីដាំពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជា តួយ៉ាងដូចជា ពូជស្រូវសែនក្រអូប ដែលមិនព្រួយបារម្ភរឿងហានិភ័យលើទីផ្សារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត