
រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណានៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានចុះជួបផ្ទាល់ជាមួយប្រជាកសិករ ដែលបាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំកូនខ្លុង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៣មករាកន្លងទៅ ជុំវិញបញ្ហាតម្លៃស្រូវចុះថោក។ យ៉ាងណា លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម គូសបញ្ជាក់ថា លោករដ្ឋមន្ត្រីនឹងប្រាប់ផែនការលម្អិតក្នុងពិធីសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥មករាស្អែកនេះ...។

ជាខេត្តមួយដែលមានព្រំប្រទល់ខាងត្បូងជាប់នឹងខេត្តបាត់ដំបង លោក ប៉ាង សុវណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន SBM News ថា ដោយសារជាពូជស្រូវរបស់បរទេស ម្លោះហើយស្រូវអូអឹមនៅខេត្តមួយនេះ មិនសូវមានប្រជាកសិករផលិតច្រើនប៉ុន្មានទេ ពោលមានប្រមាណចន្លោះ១ពាន់ទៅ២ពាន់ហិកតាប៉ុណ្ណោះ។ មកទល់ពេលនេះ ការប្រមូលផលស្រូវនៅខេត្តបន្ទាយមានជ័យជិតអស់ទៅហើយ ខណៈផលប៉ះពាល់មានតិចតួច។ លោកថា ប្រជាកសិករនៅខេត្តបន្ទាយមានជ័យ ច្រើនផលិតតែប្រភេទស្រូវ៥៤ ឬ៥១ ដែលនៅមានតម្លៃគ្រាន់បើ ខណៈទិសដៅរបស់កម្ពុជាចង់ឱ្យប្រជាកសិករផលិតស្រូវសែនក្រអូប ដែលជាពូជស្រូវរបស់ខ្មែរ និងកំពុងមានតម្លៃថ្លៃលើទីផ្សារក្នុងស្រុក និងនៅក្រៅប្រទេស។

ជុំវិញបញ្ហាស្រូវធ្លាក់ថ្លៃនេះ តាមការបញ្ជាក់របស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម តាមរយៈវីដេអូជាង១៤នាទី ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមករានេះ បានឱ្យដឹងថា បញ្ហាតម្លៃកើតឡើងចំពោះតែប្រភេទស្រូវអូអឹម (ស្រូវស្រាល) ដែលជាប្រភេទពូជមកពីប្រទេសវៀតណាម ហើយអាស្រ័យលើក្រុមឈ្មួញអ្នកទិញ ប្រហែលជាមិនងាយនឹងឡើងថ្លៃវិញទេ ឬអាចនិយាយបានថា នឹងធ្លាក់ចុះរហូតដល់ចប់ការប្រមូលផល។ តែយ៉ាងណា ក្រសួងកសិកម្មបានត្រៀមជួយប្រជាកសិករ ក្នុងលក្ខខណ្ឌចាំបាច់មួយចំនួន តែក៏មិនអាចជួយបានដូចពូជស្រូវរបស់ខ្មែរដែលមានទីផ្សារក្នុងស្រុកបានដែរ។ ចំពោះការជួយក្នុងរយៈពេលវែង លោករដ្ឋមន្រ្តីកសិកម្ម បានលើកទឹកចិត្តដល់ប្រជាកសិករចូលរួមជាសហគមន៍កសិកម្មទំនើប ដែលក្រសួងនឹងជួយពលរដ្ឋណាធ្លាប់ធ្វើពូជស្រូវអូអឹមរបស់វៀតណាម ត្រឡប់មកធ្វើស្រូវសែនក្រអូបជាពូជរបស់កម្ពុជា ដែលមិនមានហានិភ័យលើទីផ្សារវិញ។

ក្រៅតែពីលើកទឹកចិត្តឱ្យកសិករចូលរួមជាសហគមន៍កសិកម្មទំនើប ដោយផលិតពូជស្រូវសែនក្រអូបរបស់ខ្មែរ ជំនួសឱ្យពូជអូអឹមរបស់វៀតណាម តើក្រសួងបានត្រៀមផែនការអ្វីខ្លះទៀតជួយកសិករដែលកំពុងជួបបញ្ហាប្រឈម? លោក ឃឹម ហ្វីណង់ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ជាគោលការណ៍ រឿងធំរបស់យើងគឺការប្រែក្លាយពីពូជដែលមិនមែនជារបស់យើង មកជាពូជរបស់យើង ព្រោះការពឹងផ្អែកពូជរបស់អ្នកដទៃធ្វើឱ្យយើងមិនអាចក្ដាប់ទីផ្សារបាន ហើយពេលមានបញ្ហាយើងមិនអាចអន្តរាគមន៍ជួយបានទេ។ ដូច្នេះ ជាផែនការរបស់ក្រសួងកសិកម្ម គឺជួយកសិករឱ្យរៀបចំជាសហគមន៍កសិកម្មទំនើប និងពង្រីកបណ្ដាញនេះ ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍អាចបើកច្រកឱ្យកសិករច្រើនបំផុត ដែលជួបបញ្ហាប្រឈមពាក់ព័ន្ធនឹងស្រូវអូអឹម អាចប្រែមកដាំពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជា។ ក្នុងករណីខ្វះទុន ក្រសួងនឹងដាក់ទុកជូន ដើម្បីឱ្យប្រជាកសិករអាចបង្កបង្កើនផលបាន»។

ដោយឡែក នៅល្ងាចថ្ងៃដដែលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារ ស្របពេលស្រូវអូអឹមរបស់វៀតណាមកំពុងធ្លាក់ថ្លៃ កសិករមកពីឃុំអូរកន្ទរ និងឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី១៣០០៛ក្នុង១គីឡូក្រាមឡើងទៅ។ សូមបញ្ជាក់ថា យោងតាមស្ថិតិ ដែលបញ្ជាក់ដោយលោក ឌិត ទីណា ឆ្នាំនេះស្រូវប្រាំង ដែលប្រជាពលរដ្ឋធ្វើមានសរុបជាង៧០ម៉ឺនហិកតា គិតជាទិន្នផលទម្រាំប្រមូលផលអស់ គឺមានជិត៥លានតោន ហើយភាគច្រើន ជាប្រភេទស្រូវអូអឹម ដែលជាពូជស្រូវរបស់វៀតណាម៕


