អាជ្ញាធរខេត្តបាត់ដំបងកំពុងប្រជុំបន្ទាន់ ក្រោយតម្លៃស្រូវត្រូវឈ្មួញកណ្តាលទម្លាក់ថ្លៃគំហុគ
អុន សម្ផស្ស
08 កញ្ញា 2023 09:15 AM

ខេត្តបាត់ដំបង៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យបើកកិច្ចប្រជុំបន្ទាន់មួយរវាងសមាជិក និងម្ចាស់រោងចក្រកែច្នៃស្រូវអង្ករធំៗក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដើម្បីស្វែងរកយន្តការដោះស្រាយបញ្ហាស្រូវស្រាលដើមរដូវធ្លាក់ថ្លៃ…។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្ត បានប្រាប់ឱ្យដឹងកាលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ថា ចាប់តាំងពីថ្ងៃទី៣ រហូតមកដល់ថ្ងៃទី០៥ ខែកញ្ញា មានក្រុមឈ្មួញមួយចំនួនបានឆ្លៀតឱកាសប្រជាពលរដ្ឋសម្រុកប្រមូលផលស្រូវ បាននាំគ្នាបង្អាប់តម្លៃផលស្រូវរបស់ប្រជាកសិករជាបន្តបន្ទាប់ នាំឱ្យប្រជាកសិករក្នុងខេត្តបាត់ដំបង ព្រួយបារម្ភយ៉ាងខ្លាំងនៃតម្លៃស្រូវធ្លាក់ថ្លៃយ៉ាងគំហុគនេះ។ ហេតុដូច្នេះ ទើបលោក រួមជាមួយ ឯកឧត្តម ភួ ពុយ អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងបើកកិច្ចប្រជុំបន្ទាន់នេះឡើង ដើម្បីដាក់ចេញចេញនូវវិធានការទប់ស្កាត់មួយចំនួន ខណ:សង្កេតឃើញផលស្រូវមួយរយៈចុងក្រោយនេះ ធ្លាក់ទាបក្នុងតម្លៃ ៩សែនរៀលនៅក្នុងមួយតោន

ជាលទ្ធផលក្នុងកិច្ចប្រជុំ មន្ត្រីជំនាញបានស្នើឱ្យក្រុមហ៊ុនកែច្នៃស្រូវអង្ករទាំងអស់ចូលរួម និងជួយប្រមូលទិញស្រូវពីកសិករឱ្យទាន់ពេលវេលា ហើយផ្អែកតាមគុណភាពស្រូវផងដែរ ដោយស្រូវស្រង៉ែត្រូវប្រមូលទិញពីកសិករចាប់ពីតម្លៃ ១លាន១សែន៥ម៉ឺនរៀលឡើងទៅក្នុងមួយតោន, ស្រូវសែនក្រអូប ប្រមូលទិញចាប់ពី ១លាន២សែន៤ម៉ឺន៥ពាន់រៀលឡើងទៅក្នុងមួយតោន។ ហើយត្រូវតាមដានភ្នាក់ងារ ឬឈ្មួញដែលប្រមូលផ្គត់ផ្គង់ឱ្យរោងម៉ាស៊ីនរបស់ខ្លួន ចៀសវាងកុំឱ្យមានការទិញតម្លៃក្រោមពីការកំណត់ ដែលបានដាក់ចេញជាវិធានការទប់ស្កាត់នេះ។ ពិសេស ត្រូវរួមគ្នាទប់ស្កាត់ចំពោះឈ្មួញខិលខូច មួយចំនួនដែលឆ្លៀតឱកាសបង្អាប់តម្លៃស្រូវរបស់កសិករក្រោមហេតុផលផ្សេងៗ និងចង់កេងចំណេញច្រើនពីប្រជាពលរដ្ឋ៕ រាយការណ៍ដោយ៖ លោក សុខ វិឆ័យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត