អភិបាលខេត្តបន្ទាយមានជ័យ បញ្ជារឱ្យមន្ទីរជំនាញតម្រូវឱ្យឈ្មួញកណ្តាលទិញ១តោនតម្លៃ១លានរៀល
R
Rorn Phork
18 វិច្ឆិកា 2022 01:00 PM

(បន្ទាយមានជ័យ)៖ ការប្រមូលផលស្រូវរដូវវស្សារបស់ប្រជាកសិករ នារដូវប្រមូលផលខាងមុខនេះ ប្រឈមនឹងការធ្លាក់ចុះត​ម្លៃ ខណៈដែលតម្លៃផលិតកម្ម និងធាតុចូលកសិកម្មមានការកើនឡើង ដូចជា ប្រេងឥន្ទនៈ ជីគីមី និងថ្នាំកសិកម្មបានហក់ ឡើងថ្លៃខ្ពស់ទ្វេដង នៅថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០២២ អភិបាលខេត្តបន្ទាយមានជ័យ ​ដឹកនាំមន្ត្រីជំនាញចុះ ពិនិត្យប្រជា​កសិករដែលប្រមូលផលស្រូវ​ ដោយតម្រូវឱ្យឈ្មួញកណ្តាលទិញ១តោនតម្លៃ១លានរៀល។

លោក ប៉ុក ឡៃជី​ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ​បានប្រាប់ថា ​ក្រោយមានបាតុភាព​ដែលឈ្មួញ​កណ្តាល​ទិញ​ស្រូវពីប្រជាកសិករបញ្ចុះតម្លៃ​ ធ្វើឱ្យពួកគាត់​បាក់ទឹកចិត្ត លែងចង់​បង្កបង្កើនផល​ស្រូវតទៅទៀត​ ព្រោះឈ្មួញកណ្តាល​ ទិញស្រូវក្នុងតម្លៃថោក​ គឺមិនអាចឱ្យគាត់រួចដើមធ្វើផង។

ប្រធានមន្ទីរបន្ថែមថា ក្រោយទទួលបានព័ត៌មាននេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​ បានដឹកនាំមន្ត្រីមន្ទីរ​ពាណិជ្ជកម្មខេត្ត​ និង​អា​ជ្ញា​ធរ​មូលដ្ឋាន ចុះពិនិត្យជាក់ស្តែងនៅស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ​ដែលកំពុង​ប្រមូលផលស្រូវ។ បន្ទាប់ពីចុះទៅផ្ទាល់ ហើយប្រមូលព័ត៌មាន ប្រជាកសិករបញ្ជាក់ថា ប្រភេទស្រូវ​ផ្កាម្លិៈ​ ដែលជាស្រូវក្រអូបមួយប្រភេទ ឈ្នួញកណ្តាលទិញដាក់តាមរោងម៉ាស៊ីន ដើម្បីផ្គត់ផ្គង់នាំចេញទៅក្រៅប្រទេស គឺឈ្មួញហ៊ានឱ្យតម្លៃពី៨៦ម៉ឺនរៀល​ទៅ៩០​ម៉ឺន​រៀលប៉ុណ្ណោះក្នុង១តោន។ ​

បើតាមលោក ប៉ុក ឡៃជី បញ្ជាក់ថា ក្រោយពេលឯកឧត្តម អភិបាលខេត្ត​ ចុះពិនិត្យប្រជាកសិករប្រមូលផលស្រូវ​តាម​បណ្តា​ស្រុកជាប់ជាយដែន បញ្ជារឱ្យ​មន្ទីរជំនាញ ​តម្រូវឈ្មួញកណ្តាលទិញ​ស្រូវប្រជាកសិករ​ដែលប្រភេទស្រូវផ្កាម្លិៈ​ក្នុង១តោន​តម្លៃមិនទាបជាង១ លានរៀលនោះទេ។ ហើយនេះជាការលើកទឹកចិត្តប្រជាកសិករ ឱ្យសមស្រប​និងតម្លៃ​ទីផ្សារ​ស្រូវ​។​

ជាមួយគ្នានេះដែរ មន្ទីរជំនាញជំរុញឱ្យអាជីរករ ឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ជួយ​សម្រប​ស​ម្រួ​ល​​ក្នុងការទិញស្រូវប្រជាកសិករឱ្យបានល្អប្រសើរ ជៀសវាងការទិញទម្លាក់ថ្លៃ។ ហើយអាជ្ញាធរមូលដ្ឋាន និង​អ្នក​ពាក់​ព័ន្ធ​សូម​ចូលរួមជួយពិនិត្យ និងសម្របសម្រួលជាមួយឈ្មូញ និងប្រជាកសិករក្នុងដែន​សមត្ថកិច្ចរបស់​ខ្លួន រក​វិធីផ្សេងៗ​​ដើម្បី​បង្កភាព​ងាយស្រួលក្នុងទិញ ប្រមូលផ្តុំទិញ និងការដឹកជញ្ជូនជាដើម៕ រាយការណ៍៖ ឈុន មករា, កែសម្រួល៖ ភោគ រ៉ន

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត