តើប្រទេសណា មានព្រិលធ្លាក់ខ្លាំងបំផុតលើពិភពលោក?
ហៀប ស៊ីថេត
19 មករា 2025 02:32 AM

ចំណេះដឹងទូទៅ៖ តើលោកអ្នកដឹងទេ...? តើប្រទេសណាមានព្រិលធ្លាក់ខ្លាំងជាបំផុតនៅលើពិភពលោក? នៅពេលឮដូច្នេះ! អ្នកទាំងអស់គ្នាប្រហែលជាគិតថា ប្រទេសមានព្រិលធ្លាក់ខ្លាំងបំផុត គឺប្រទេសកាណាដា ហ្គ្រោអង់ឡង់ (Greenland) ឬបណ្តាប្រទេសអឺរ៉ុបខាងជើង និងអាត្លង់ទិចខាងជើងជាក់ជាមិនខាន។ ផ្ទុយស្រឡះ ប្រទេសមានព្រិលធ្លាក់ខ្លាំងបំផុតនៅលើលោក គឺប្រទេសស្ថិតនៅទ្វីបអាស៊ី នោះគឺប្រទេសជប៉ុនទៅវិញទេ។

ជាការពិតណាស់ ជប៉ុនគឺជាប្រទេសដែលមានព្រិលធ្លាក់ខ្លាំងបំផុតនៅលើលោក ជាមួយនឹងកំណត់ត្រាដ៏គួរឱ្យភ្ញាក់ផ្អើល។ ជាទូទៅ ក្នុងរដូវរងារនៅឯប្រទេសជប៉ុន នៃខេត្តនីហ្កាតា (Niigata) និងខេត្តយ៉ាម៉ាហ្កាតា (Yamagata) មានព្រិលធ្លាករហូតដល់កម្រាស់៨ម៉ែត្រឯណោះ ហើយទីក្រុងអាអូម៉ូរី (Aomori) មានកម្រាស់ជាមធ្យម ៧ម៉ែត្រ។ ការណ៍នេះហើយបានដឹកដៃប្រទេសជប៉ុន ក្លាយជាប្រទេសអាស៊ីមានព្រិលធ្លាក់បំផុតនៅលើពិភពលោក។

គួរជម្រាបថា កំណត់ត្រាព្រិលធ្លាក់ខ្លាំងបំផុតនៅប្រទេសជប៉ុន គឺមានកម្រាស់រហូតដល់១២ម៉ែត្រ ពោលគឺមានកម្ពស់ស្មើនឹងអគារ៨ជាន់។ តើកត្តាអ្វីនាំឱ្យជប៉ុនក្លាយជាប្រទេសក្រាលដោយកម្រាលព្រិលទឹកកកសក្បុសបែបនេះ? ជាការពិត ជប៉ុនជាប្រទេសមានទីតាំងភូមិសាស្ត្រតែមួយគត់ ដែលទទួលរងខ្យល់ត្រជាក់ស៊ីបេរីបក់ប៉ះទឹកក្ដៅនៃសមុទ្ទជប៉ុន បង្កើតបានលក្ខខណ្ឌដ៏ល្អឥតខ្ចោះនៃការធ្លាក់ព្រិលត្រជាក់ដល់ឆ្អឹង រឹងថ្គាម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត