មន្រ្តីកសិកម្ម៖​​ «លក់មុនដាំ» គ្មានហានិភ័យទីផ្សារ
S
Sreyleak Yith
15 មករា 2025 04:00 AM

រាជធានីភ្នំពេញ៖​​ កាលពីថ្មីៗនេះ មានករណីកសិករជាច្រើនបានប្រមូលផ្ដុំគ្នាដោយបានប្រើប្រាស់គោយន្តបិទកំណាត់ផ្លូវជាតិលេខ៥ ដើម្បីសំណូមពរឱ្យថ្នាក់ដឹកនាំខេត្តព្រមទាំងមន្ត្រីជំនាញកសិកម្ម មានវិធានការដោះស្រាយចំពោះបញ្ហាតម្លៃស្រូវចុះថោក…។

 ប្រជាកសិករដែលបាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំកូនខ្លុង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៣មករា
 ប្រជាកសិករដែលបាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំកូនខ្លុង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៣មករា

ជុំវិញករណីខាងលើនេះ នាព្រឹកថ្ងៃទី១៥មករា​​ ឆ្នាំ២០២៥​​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម​​ បានគូសបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក​​ ដោយចង់ឱ្យប្រជាកសិកររួមគ្នាផលិតស្រូវជាសហគមន៍រកទីផ្សារមុនដាំ ដើម្បីឱ្យមានទំនុកចិត្ត និងមិនចាំបាច់បារម្ភពីហានិភ័យទីផ្សារ។​​ អ្នកនាំពាក្យ​ គូសបញ្ជាក់​យ៉ាងដូច្នេះថា ការធ្វើកសិកម្មនៅដាច់ដោយឡែកៗពីគ្នា តូចៗ ជាលក្ខណៈគ្រួសារតែងជួបបញ្ហាប្រឈមច្រើន ជាពិសេសភាពស្រពេចស្រពិលនៃទីផ្សារ និងថ្លៃដើមខ្ពស់។«​ក្រសួងកសិកម្មលើកទឹកចិត្តឱ្យបងប្អូនកសិករយើងចងក្រងគ្នាផលិតជាសហគមន៍ ដើម្បីអាចមានលទ្ធភាពចាប់យកកិច្ចសន្យាច្បាស់លាស់មួយ លក់មុនដាំ ជាមួយនឹងសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងខាងផ្នែកតម្លៃបរិមាណ និងគុណភាព»

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម​​
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម​​

មន្ត្រីនាំពាក្យរូបនេះ បន្ថែមថា ប្រសិនជាអាចរៀបចំជាសហគមន៍កសិកម្មទំនើបតែម្ដងក្រសួងនឹងសម្រសម្រួលស្វែងរកទុនកម្ចីការប្រាក់ទាបជូនដោយមិនចាំបាច់ឱ្យកសិករសមាជិកជាប់បំណុលធនាគារឡើយ។ យ៉ាងណាមិញ ក្នុងរឿងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនប្រងើយកង្តើយនឹងប្រជាកសិករទ្បើយដោយនៅព្រឹកថ្ងៃទី១៥មករានេះ លើប្រព័ន្ធតេទ្បេក្រាមផ្លូវការរបស់សម្តេច បានគូសបញ្ជាក់ផងដែរថា ​​ រួមគ្នាប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជាពីលក្ខណៈគ្រួសារទៅជាទម្រង់សហគ្រាសសេដ្ឋកិច្ចរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងលើផ្នែកថ្លៃដើម បរិមាណ និងគុណភាព។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

​សម្តេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់បន្ថែមថា​ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ថ្លៃដើមផលិតទាប ការគាំទ្រជាប្រចាំខាងផ្នែកបច្ចេកទេស និងការធានាទីផ្សារទុកជាមុនតាមរយៈកិច្ចសន្យាកសិកម្ម ជាពិសេសការទទួលបានទុនកម្ចីការប្រាក់ទាប សហគមន៍កសិកម្មទំនើបផ្តល់ភាពច្បាស់លាស់មួយនៅក្នុងខ្សែច្រវាក់ផលិតកម្មដែលនឹងចូលរួមដោយផ្ទាល់ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត