ធ្លាយដំណឹងក្រុមឆបោកតាមប្រព័ន្ធអនឡាញ Call Center បង្កប់ខ្លួនក្នុងក្រុមហ៊ុនខ្មែរ-ចិនមួយ នៅឃុំអូរបីជាន់
អាន ប៊ុនរ័ត្ននៈ
14 មករា 2025 11:16 AM

បន្ទាយមានជ័យ៖ ប្រភពពីប្រជាពលរដ្ឋនៅឃុំអូរបីជាន់នៃស្រុកអូរជ្រៅ បានទម្លាយប្រាប់ SBM News ដោយសុំលាក់អត្តសញ្ញាណថា មានកាស៊ីណូអនឡាញខ្មៅ ដែលជាក្រុមឆបោកតាមប្រព័ន្ធអនឡាញ Call Center បាននិងកំពុងបង្កប់ខ្លួនក្នុងក្រុមហ៊ុនខ្មែរ-ចិន មួយ ដែលទទួលបានគម្រោងអភិវឌ្ឍន៍សាងសង់បុរី, ផ្សារទំនើប, កាស៊ីណូ, កន្លែងវាយកូនហ្គោល និងទីលានប្រណាំងសេះ លើផ្ទៃដីទំហំជាង១ពាន់ហិកតា ស្ថិតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ..។

រក្សាសិទ្ធិរូបភាព៖ SBM News
រក្សាសិទ្ធិរូបភាព៖ SBM News

យោងតាមអតីតបុគ្គលិកកាស៊ីណូអនឡាញក្នុងតំបន់អភិវឌ្ឍន៍ក្រុមហ៊ុនខ្មែរ-ចិន មួយរូប បង្ហើបឱ្យដឹងថា ទីតាំងខាងលើ មានបង្កប់បើកល្បែងកាស៊ីណូអនឡាញខ្មៅ ឬហៅថា ក្រុមឆបោកតាមប្រព័ន្ធ Call Center ដែលសម្បូរទៅដោយជនជាតិនេប៉ាល់, ប៉ាគីស្ថាន, ឥណ្ឌា និងចិន ខណៈបុគ្គលិកខ្មែរ និងបរទេសផ្សេងទៀតមានតិចតួចប៉ុណ្ណោះ។ ប្រភពឱ្យដឹងបន្ថែមថា ក្រុមបុគ្គលិកជនជាតិចិន នេប៉ាល់ និងឥណ្ឌា ភាគច្រើនត្រូវបាននាំមកពីខេត្តព្រះសីហនុ យកមកចែកចាយតាមបណ្តាខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ ដូចជា៖ ខេត្តប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ និងព្រះវិហារ ក្រោយពីខេត្តព្រះសីហនុ មានបទបញ្ជាក្ដៅពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យអាជ្ញាធរបោសសម្អាតក្រុមកាស៊ីណូអនឡាញខ្មៅ ឬហៅថា ក្រុមឆបោកតាមប្រព័ន្ធ Call Center នេះចេញ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់តារារះទិសនារតី ឱ្យមានភាពល្អប្រសើរឡើងវិញ។

រក្សាសិទ្ធិរូបភាព៖ SBM News
រក្សាសិទ្ធិរូបភាព៖ SBM News

ប្រភពបន្តថា សម្រាប់បុគ្គលិកបរទេសដែលមានដូចជាជនជាតិចិន នេប៉ាល់ និងឥណ្ឌា មិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចេញពីក្នុងកាស៊ីណូអនឡាញខុសច្បាប់នោះឡើយ ពួកគេត្រូវបានយាមកាមយ៉ាងប្រុងប្រយ័ត្នពីសំណាក់ក្រុមសន្តិសុខរបស់ក្រុមហ៊ុន។ រាល់ម្ហូបអាហារ និងការស្នាក់នៅ គឺខាងក្រុមហ៊ុនផ្គត់ផ្គង់ឱ្យទាំងអស់ ប៉ុន្តែសម្រាប់បុគ្គលិកខ្មែរ ថៃ ឥណ្ឌូណេស៊ី ដែលចូលបម្រើការងារជាបុគ្គលិកអនឡាញដែរ តែអនឡាញថតដាក់កាមេរ៉ាស៊ីសងស្របច្បាប់ ព្រោះពួកគេបើកឱ្យភ្ញៀវថៃ, ឥណ្ឌូណេស៊ី និងបរទេសផ្សេងទៀត ចាក់ភ្នាល់ទូទាត់លុយចេញ-ចូលតាមធម្មតា មិនដូចពួកបុគ្គលិកជនជាតិចិន នេប៉ាល់ និងឥណ្ឌាឡើយ។ ប៉ុន្តែដោយការងារពិបាកត្រូវថៅកែបង្ខំឱ្យធ្វើការលើសម៉ោងច្រើនពេក ទើបរូបគេសម្រេចចិត្តឈប់ធ្វើការតែម្ដង។ ចំពោះថៅកែកាស៊ីណូអនឡាញខ្មៅនោះវិញ គឺជាជនជាតិចិនមកពីខេត្តព្រះសីហនុ បានមកជួលអគារជនជាតិចិនដែលជាម្ចាស់គម្រោងបើកអនឡាញខ្មៅខុសច្បាប់នេះ និងបានបង្ខំឱ្យបុគ្គលិកជាជនបរទេសទាំងនោះ ធ្វើការបន្ថែមម៉ោងរហូតដល់ជាង១០ម៉ោងក្នុងមួយថ្ងៃ និងហាមឃាត់មិនឱ្យចេញក្រៅឡើយ។

រក្សាសិទ្ធិរូបភាព៖ SBM News
រក្សាសិទ្ធិរូបភាព៖ SBM News

សូមជម្រាបថា បើតាមការបញ្ជាក់ពី លោក កែវ តារ៉ារស្មី អភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ ធ្លាប់បានប្រាប់ភ្នាក់ងារ SBM News កាលពីពេលកន្លងទៅថា ទីតាំងខាងលើ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនខ្មែរ-ចិនមួយ ដែលគ្រោងបង្កើតកន្លែងនេះទៅជាទីក្រុងសេដ្ឋកិច្ចជាប់ព្រំដែនលើផ្ទៃដីជាង១០០០ហិកតា បានដំណើរការសាងសង់ជាងមួយឆ្នាំមកហើយ ក្នុងនោះ មានការសាងសង់ដូចជា៖ អគារកាស៊ីណូ, បុរី, ផ្សារទំនើប, កន្លែងប្រណាំងសេះ, ទីលានវាយកូនហ្គោល ដែលមានការយាមកាមយ៉ាងតឹងរឹងពីឆ្មាំសន្តិសុខរបស់ក្រុមហ៊ុន។ លោកបន្តថា បើតាមលោកដឹង គម្រោងវិនិយោគនេះមានទំហំទឹកប្រាក់ច្រើនលានដុល្លារណាស់ ហើយក៏មានការសម្រេចពីថ្នាក់លើរួចហើយដែរ។ បើតាមគម្រោង តំបន់នេះត្រូវអភិវឌ្ឍឱ្យទៅជាមណ្ឌលកម្សាន្តទំនើបមួយក្នុងភូមិប្រាសាទ ឃុំអូរបីជាន់នេះ ប៉ុន្តែសម្រាប់ការធ្វើអាជីវកម្មយ៉ាងណានោះ លោកក្តាប់មិនបានទេ ព្រោះត្រឹមថ្នាក់ស្រុក មិនអាចចេញចូលក្នុងតំបន់ក្រុមហ៊ុនបានស្រេចតែចិត្តបានឡើយ។

លោក កែវ តារ៉ារស្មី អភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ (រក្សាសិទ្ធិរូបភាព៖ SBM News)
លោក កែវ តារ៉ារស្មី អភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ (រក្សាសិទ្ធិរូបភាព៖ SBM News)

ទោះយ៉ាងណា ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើ បានសម្ដែងការព្រួយបារម្ភជាខ្លាំង ចំពោះទីតាំងអាជីវកម្មវិនិយោគរបស់ក្រុមហ៊ុនខ្មែរ-ចិនមួយនេះ ដ្បិតសកម្មភាពនៃការវិនិយោគរបស់ក្រុមហ៊ុន ហាក់មិនដូចការផ្សព្វផ្សាយបង្ហាញប្រាប់សាធារណជននោះឡើយ ព្រោះបើការវិនិយោគត្រឹមកសាងអគារកាស៊ីណូ, បុរី, ផ្សារទំនើប, កន្លែងប្រណាំងសេះ, ទីលានវាយកូនហ្គោលមែននោះ តើចាំបាច់អ្វីត្រូវហាមឃាត់ និងមានការយាមកាមយ៉ាងតឹងរឹងបែបនេះ..? ម្យ៉ាងវិញទៀត មានការទម្លាយឱ្យដឹងថា ក្នុងតំបន់អភិវឌ្ឍមួយនេះ ក៏មានការបើកដៃឱ្យមានកាស៊ីណូអនឡាញខុសច្បាប់ ធ្វើអាជីវកម្មនៅខាងក្នុងនោះផងដែរ ដូច្នេះ ដើម្បីទប់ស្កាត់អាជីវកម្មអនឡាញខុសច្បាប់ ដែលរាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងទប់ស្កាត់ អាជ្ញាធរស្រុកអូរជ្រៅគួរមានវិធានការចុះត្រួតពិនិត្យទីតាំងខាងលើនេះឱ្យបានជាក់ច្បាស់ផងដែរ...៕

រក្សាសិទ្ធិរូបភាព៖ SBM News
រក្សាសិទ្ធិរូបភាព៖ SBM News
រក្សាសិទ្ធិរូបភាព៖ SBM News
រក្សាសិទ្ធិរូបភាព៖ SBM News
រក្សាសិទ្ធិរូបភាព៖ SBM News
រក្សាសិទ្ធិរូបភាព៖ SBM News
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត