សូមរកខោអាវក្រាស់ៗ..! សប្តាហ៍នេះខេត្តភាគឦសានកម្ពុជា ចុះត្រជាក់ដល់១៣អង្សាសេ
អុន សម្ផស្ស
14 មករា 2025 02:00 AM

ខេត្តមណ្ឌលគិរី៖ ខណៈកម្ពុជា«ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសានខ្លាំង» សីតុណ្ហភាពទូទាំងប្រទេស បានចុះត្រជាក់ដល់ក្រោម២០អង្សាសេ រហូតដល់ថ្ងៃ១៥មករា ជាពិសេសខេត្តនៅភាគភាគឦសាន មានសីតុណ្ហភាពចុះត្រជាក់ដល់ ១៣អង្សាសេ។ នេះបើតាមការព្យាកររបស់អាជ្ញាធរតំបន់ នាថ្ងៃទី១៣មករា ឆ្នាំ២០២៥..។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី អះអាងថា សីតុណ្ហភាពក្នុងខេត្តនឹងចុះដល់១៣ទៅ២៥អង្សាសេ ខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២ទៅ៥ម៉ែត្រក្នុង១វិនាទី អាចមានខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បក់ក្នុងល្បឿនពី៩ទៅ១២ម៉ែត្រក្នុង១វិនាទីផងដែរ។ ដោយឡែក បើតាម ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករនៅព្រឹកថ្ងៃទី១៤មករានេះ បង្ហាញថា តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា១៩អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣២អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៥ម៉ែត្រក្នុង១វិនាទី

រីឯតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា១៨អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងបូពី មានល្បឿនមធ្យម៤ម៉ែត្រក្នុង១វិនាទី។ ចំពោះ តំបន់មាត់សមុទ្ទ សីតុណ្ហភាពមធ្យមអប្បបរមា២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣២អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៥ម៉ែត្រក្នុង១វិនាទី រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ។

សូមរំឭកថា ដោយសារអាកាសធាតុ​ចុះត្រជាក់ខ្លាំង កាលពីពេលកន្លងទៅ ក្រសួងសុខាភិបាល ធ្លាប់បានចេញ​សេចក្តី​ណែនាំ​ឱ្យ​សាធារណជនមានការប្រយ័ត្នប្រយែងការពារសុខភាពពីជំងឺផ្លូវដង្ហើមគ្រប់ប្រភេទ ក្នុងអំឡុងពេល​អាកាសធាតុ​ត្រជាក់​ ក្រោយក្រសួងមើលឃើញថា ថ្មីៗនេះបណ្តាញផ្សព្វផ្សាយមួយចំនួន អះអាងពីការផ្ទុះឡើងនៃយូមិនមេតាភ្នឺម៉ូវីរុស «human metapneumovirus (HMPV)» ដែលបង្កឱ្យមានជំងឺផ្លូវដង្ហើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត