
ខេត្តមណ្ឌលគិរី៖ សត្វដំរីព្រៃ ឬដំរីអាស៊ីឈ្មោល១ក្បាល ទម្ងន់ប្រមាណ៣តោន ត្រូវបានប្រទះឃើញងាប់ នៅក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមមួយកន្លែង ក្នុងដែនជម្រកសត្វព្រៃកែវសីមា ខណៈក្រុមការងារជំនាញនៅលើទីតាំងសន្និដ្ឋានជំហានដំបូងថា វាត្រូវបានជាប់ផុងមួយរយៈពេលមុននឹងងាប់។ នេះបើតាមសារអត្ថាធិប្បាយរបស់ក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី៦តុលា ឆ្នាំ២០២៤…។

ក្រសួងបញ្ជាក់ថា ដំរីព្រៃ ឬដំរីអាស៊ី ដែលងាប់នោះមានអាយុប្រហែល៣០ឆ្នាំ ត្រូវបានអ្នភូមិប្រទះឃើញដេកងាប់ ក្នុងរណ្ដៅគ្រាប់បែក ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤។ សពដំរីត្រូវបានមន្រ្តីជំនាញ សហការជាមួយអង្គការ WCS និងអាជ្ញាធរមូលដ្ឋាន អន្តរាគមន៍ស្រង់ពីរណ្តៅដី នៅល្ងាចថ្ងៃទី៦តុលា ដើម្បីធ្វើកោសលវិច័្ចយពីមន្រ្តីជំនាញនៃការិយាល័យសង្គ្រោះ និងព្យាបាលសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី។ក្រោយធ្វើកោសលវិច័្ចយ ក្រុមការងាររជំនាញ សន្និដ្ឋានជំហានដំបូងថា ដំរីព្រៃមួយក្បាលនេះ ប្រហែលជាប់ផុងមួយរយៈពេលមុននឹងងាប់ ក្នុងរយៈពេល១ថ្ងៃទៅ២ថ្ងៃ មុនពេលអ្នកស្រុកបានប្រទះឃើញ និងបានរាយការណ៍មកមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

តាមការពិនិត្យដោយផ្ទាល់ សពដំរីមានស្នាមរបួសជើងមុខ ហើយជាដំរីមួយក្នុងចំណោមហ្វូងរបស់វាមានចំនួនពី១០ទៅ២០ក្បាល ធ្លាប់បានបង្ហាញខ្លួននៅតំបន់នេះម្ដងមកហើយកាលពីខែមេសាកន្លងទៅ។ សូមរំឭកថា នេះមិនមែនជាលើកទី១នោះទេដែលកម្ពុជាបានបាត់បង់សត្វដំរីព្រៃ ឬដំរីអាស៊ី ជាក់ស្តែង កាលពីដើមឆ្នាំ២០២៤ កូនដំរីព្រៃមួយក្បាលមានអាយុ៧ខែ ទម្ងន់២០០គីឡូ ត្រូវបានគេប្រទះឃើញដេកងាប់ក្នុងសភាពត្រូវរបួសដោយគ្រាប់កាំភ្លើង តាមដងផ្លូវធ្វើដំណើរឆ្ពោះទៅភូមិក្តោយ ក្នុងបរិវេណក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច លឹម រ៉ូយ៉ាល់ ស្ថិតនៅភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដូចគ្នា។

យ៉ាងណា ជុំវិញការបាត់បងសត្វដំរីព្រៃនេះ ក្រសួងបរិស្ថាន បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង និងចាត់ទុកការស្លាប់ដំរី១ក្បាលនេះ ថាជាការបាត់បង់ធនធានធម្មជាតិ ដ៏មានសារសំខាន់។ ទន្ទឹមគ្នានោះ ក្រសួងជំរុញឱ្យមានការចូលរួមពង្រឹងកិច្ចសហការពីអ្នកពាក់ព័ន្ធ ក៏ដូចជាពីប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរបន្ថែមទៀត ក្នុងការអភិរក្សសត្វដំរី ជាពិសេសការការពារទីជម្រករបស់របស់វា។ ក្រៅពីជំរុញសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ និងការស្តារទីជម្រក អ្នកនាំពាក្យក្រសួងបរិស្ថាន បានជំរុញឱ្យកាត់បន្ថយជម្លោះ រវាងមនុស្សនិងដំរី កុំឱ្យមានការប្រមាញ់សត្វព្រៃ ជាចាំបាច់ និងជួយបង្កើននូវជម្រកបៃតង គឺបង្កើនគម្របព្រៃ សម្រាប់ការរស់នៅសុខសាន្ត របស់ជីវៈចម្រុះដូចជាភេទសត្វដំរីជាដើម។

«ដំរីព្រៃ ឬដំរីអាស៊ី» គឺជាប្រភេទសត្វដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះ ជិតផុតពូជនៅលើសកលលោក។ ដំរីនៅអាស៊ី មានប្រមាណពី៤០០០០ទៅ៥០០០០ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ ក្នុងនោះប្រហែល៧៥ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។ យោងតាមការសិក្សា DNA លើចំនួនសត្វដំរីព្រៃរបស់មន្រ្តីជំនាញ ក្រសួងបរិស្ថាន សហការជាមួយដៃគូ នាពេលកន្លងមក ដំរីអាស៊ីមានចំនួនប្រមាណ៣៥០ក្បាល កំពុងរស់នៅ ក្នុងតំបន់ការពារធម្មជាតិនៅ។ ចំណែក នៅទូទាំងប្រទេសកម្ពុជា ដំរីអាស៊ីមានប្រមាណពី៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ខេត្តរតនគិរី៕



