
ខេត្តមណ្ឌលគិរី៖ ឈើប្រណិតចម្រុះជាង៦ម៉ែត្រត្រីគុណ ដែលជនសង្ស័យលួចលាក់ទុក ក្នុងរណ្តៅដីធំៗ៣កន្លែង ក្នុងភូមិសាស្ត្រឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានមន្ត្រីជំនាញប្រទះឃើញបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ករណីលួចសន្និធិឈើខុសច្បាប់ក្នុងតំបន់។ នេះបើតាមមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បញ្ជាក់កាលពីថ្ងៃទី១៩ធ្នូ ឆ្នាំ២០២៤...។

តារយៈសំណេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរបរិស្ថាន អះអាងថា បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ករណីលួចសន្និធិឈើខុសច្បាប់ នៅចំណុចស្រែតាអង និយាមកា ៧១៣៧៦៣-១៤៣៤៦៨៥ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ភ្លាមៗកម្លាំងជំនាញនៃការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ដឹកនាំមន្ត្រីឧទ្យានុរក្ស សហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក បានចុះត្រួតពិនិត្យ។ មន្ត្រីតំបន់ថា ទីតាំងដែលរាយការណ៍ថា មានការលួចសន្និធិឈើខុសច្បាប់ នោះស្ថិតនៅក្នុងបរិវេណអតីតដីសម្បទានសេដ្ឋកិច្ច របស់ «ក្រុមហ៊ុនម៉ាស្ទ័ខេសាន់» កន្លែងនោះជាទីតាំងដាក់ឈើរបស់ក្រុមហ៊ុន។ ប៉ុន្តែទីតាំងនោះត្រូវបានក្រុមហ៊ុនឈប់ធ្វើអាជីវកម្ម រួចប្រគល់ដីឱ្យក្រសួងបរិស្ថានវិញហើយ។ មន្ទីរបរិស្ថានបដិសេធថា ឈើដែលសល់ គឺជាឈើដែលក្រុមហ៊ុនមិនយកក៏ទុកចោលយូៗទៅដីក៏លប់គប់ឈើបាត់ទៅ។

យ៉ាងណា តាមរយៈការចុះដោយផ្ទាល់របស់អាជ្ញាធរទៅទីតាំងនោះ បានរកឃើញទីតាំងលាក់ឈើចំនួន៣ន្លែងផ្សេងទៀតរួមមាន៖ ទី១.ទីតាំងជនសង្ស័យបានទុកចោលក្នុងព្រៃល្បោះ រកឃើញឈើមូល ប្រភេទឈ្លីច១២កំណាត់ ស្មើនឹង១,៩២ម៉ែត្រត្រីគុណ ដែលមានស្ថានភាពគុណភាពប្រមាណ២០-២៥ភាគរយ។ ទី២.ទីតាំងអតីតរោងស្នាក់នៅរបស់កម្មករក្រុមហ៊ុនម៉ាស្ទ័ខេសាន់ មានឈើអារប្រភេទសុក្រម១៣០សន្លឹក ស្មើ៣,៥២ម៉ែត្រត្រីគុណ។ ទី៣.ទីតាំងដែលជនស្ស័យបានកប់ក្នុងដី អាជ្ញាធរ ជីកកកាយរកឃើញឈើមូលចម្រុះ ចំនួន១៩កំណាត់ ស្មើនឹង១,៣៨៣ម៉ែត្រត្រីគុណ។ ចំពោះឈើដែលរកឃើញនោះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី អះអាងថា ជនសង្ស័យបានលួចលាក់ទុក និងកប់ចោលក្នុងកំលុងពេលមានការចុះបង្ក្រាបរបស់ថ្នាក់ជាតិកាលពីឆ្នាំ២០១៥កន្លងទៅ ខណៈមន្ទីរជំនាញមួយនេះពន្យល់ថា ឈើនោះមានសភាពនៅល្អត្រឹមតែ២០ទៅ៣០ភាគរយប៉ុណ្ណោះ។ ក្រោយរកឃើញ ក្រុមការងារបានប្រមូលវត្ថុតាងមករក្សាទុកនៅស្នាក់ការរងកែរពៅ ដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីបន្តចាត់ការតាមនីតិវិធី។

សូមរំឭកថា កាលពីអំឡុង ឆ្នាំ២០១២ ប្រជាពលរដ្ឋជាង ១០០គ្រួសាររស់នៅក្នុង ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានចោតថា៖«ក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ខូអិលធីឌី» ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល បានរកស៊ីកាប់ឈើសហគមន៍ ដើម្បីលក់ និងហាមឃាត់ពលរដ្ឋពុំឱ្យចូលធ្វើចម្ការ និងរកអនុផលព្រៃឈើនៅក្នុងតំបន់នោះទេ។ ក្រោយមកនៅនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន «ក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ខូអិលធីឌី» និងមេការ២នាក់ រួមទាំងអ្នកបើករថយន្តម្នាក់ ដោយដកហូតរថយន្ដជាង៤០គ្រឿងគ្រោងនឹងដុតបំផ្លាញចោលនៅនឹងកន្លែងផងដែរ៕
*ពន្យល់ពាក្យ៖ សន្និធិ៖ ការសន្សំទុក, ការសំចៃទុក ឬការទុកសំចៃ: ធ្វើសន្និធិ (វេវ. សន្និច្ច័យ) ។






