ប្រទះឃើញកូនក្រពើភ្នំ៣ក្បាល នៅតាមដងទន្លេស្រែពក
អុន សម្ផស្ស
30 វិច្ឆិកា 2024 06:00 AM

ខេត្តមណ្ឌលគិរី៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមការងារសិក្សាស្រាវជ្រាវជីវៈចម្រុះ សហការជាមួយអង្គការពាក់ព័ន្ធ បានរកឃើញកូនក្រពើភ្នំញាស់ថ្មីចំនួន៣ក្បាល អាយុប្រហែល៦ខែ នៅតាមដងទន្លេស្រែពកក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី..។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បញ្ជាក់នៅថ្ងៃទី២៩ វិច្ឆិកាថា ក្រុមការងារសិក្សាស្រាវជ្រាវជីវៈចម្រុះដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF កម្ពុជា កាលពីថ្ងៃទី២៥ កន្លងទៅថ្មីៗនេះ បានរកឃើញកូនក្រពើភ្នំញាស់ថ្មីទាំងនោះ។ ទន្លេស្រែពក គឺជាទន្លេដែលត្រូវបានអ្នកអភិរក្សជាតិ និងអន្តរជាតិចាត់ទុកថា ជាជម្រកមច្ឆាជាតិដ៏សម្បូរបែប និងជាតំបន់មានសល់ប្រភេទត្រីកម្រដែលជិតដាច់ពូជជាច្រើនប្រភេទនៅកម្ពុជា។

រំហូរទឹកដងទន្លេស្រែពក មានប្រភពមកពីតំបន់ភ្នំប្រទេសវៀតណាម ហើយហូរចូលមកប្រទេសកកម្ពុជាកាត់ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី រួចបន្តហូរចាក់ចូលទៅក្នុងទន្លេសេសានក្នុងខេត្តស្ទឹងត្រែង។ តាមដងទន្លេស្រែពកដែលភាគច្រើនក្រាលទៅដោយថ្ម និងមានអន្លង់ជ្រៅៗ មានប្រភេទព្រៃលិចទឹក និងអមទៅដោយដើមឈើតូចធំជាច្រើនតាមដងទន្លេជាជម្រកដ៏សំខាន់ទាំងក្នុងរដូវវស្សា និងរដូវប្រាំងសម្រាប់ពពួកមច្ឆាជាតិគ្រប់ប្រភេទ និងជាទីជម្រកដ៏សុខសាន្តរបស់សត្វក្រពើភ្នំជិតផុតពូជក្នុងពិភពលោក។

សូមរំឭកថា កាលពីខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារសិក្សាស្រាវជ្រាវរបស់ដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF កម្ពុជា ក៏ធា្លប់បានឃើញកូនក្រពើភ្នំចំនួន៨ក្បាល និងមេរបស់វា នៅតំបន់ទន្លេស្រែពកនេះដែរ។ ដោយឡែក កាលពីដើមឆ្នាំ២០២៤ មន្ត្រីជំនាញកម្ពុជា បានរកឃើញសម្បុកសត្វក្រពើភ្នំចំនួន៥ នៅឧទ្យានជាតិជួរភ្នំក្រវាញ មានពងសរុបចំនួន១០៦គ្រាប់ កាលនោះក្រសួងបរិស្ថានអះអាងថាវាជាចំនួនសម្បុកពងកូនច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។

ក្រពើភ្នំ ត្រូវបានចាត់ថ្នាក់ជាសត្វទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត និងកំពុងប្រឈមមុខនឹងការដាច់ពូជពីធម្មជាតិ។ ក្រពើភ្នំត្រូវបានការពារដោយច្បាប់កម្ពុជា ហើយការធ្វើពាណិជ្ជកម្មអន្តរជាតិនូវរាល់ផលិតផលពីក្រពើភ្នំ ត្រូវតែដាក់កម្រិតយ៉ាងតឹងរឹងបំផុត។ វាមានចំនួនប្រមាណជាង១ពាន់ក្បាលប៉ុណ្ណោះ នៅលើពិភពលោក ក្នុងនោះកម្ពុជាដែលត្រូវចាត់ទុកថា មានវត្តមានសត្វក្រពើភ្នំច្រើនជាងគេលើពិភពលោក ប្រមាណជាង៣០០ក្បាល។ ចាប់តាំងពីឆ្នាំ២០០០មក គម្រោងអភិរក្សក្រពើកម្ពុជា បានធ្វើការស្រាវជ្រាវពីវត្តមានក្រពើនៅទូទាំងប្រទេសកម្ពុជា។ ក្រៅពីនេះ ក៏មានអង្គការផ្សេងៗទៀតចូលរួមផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត