
ក្រុងសែនមនោរម្យ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៨មករា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នដោយចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០មករា ឆ្នាំ២០២៥ មានខ្យល់កន្ត្រាក់បក់ក្នុងល្បឿនពី១០ទៅ១៣ ម៉ែត្រក្នុងមួយវិនាទី…។

មន្ទីរធនធានទឹកបានអះអាងថា៖ ដោយទទួលឥទ្ធិពលពីខ្យល់មូសុងឦសានខ្លាំងស្ថានភាពបែបនេះធ្វើឱ្យខេត្តមណ្ឌលគិរីមានសីតុណ្ហភាពពី១៦អង្សាសេដល់២៨អង្សាសេ។ ជាមួយគ្នា ក្រសួងធនធានទឹក ក៏បានចេញសេចក្តីជូនដំណឹងដែរថា ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែមករា ឆ្នាំ២០២៥ តំបន់វាលទំនាប នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣២អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម៣ម៉ែត្រក្នុងមួយវិនាទី។

រីឯតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា១៧អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម៤ម៉ែត្រក្នុងវិនាទី។ ដោយទ្បែក តំបន់មាត់សមុទ្ទ នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម២,៥ម៉ែត្រក្នុងមួយវិនាទី។ ចំពោះរលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕





