លោក ស៊ុន ចាន់ថុល ស្នើវិនិយោគិនបរទេសឱ្យជួយផ្សាយព័ត៌មានល្អៗពីកម្ពុជា ដើម្បីទាក់ទាញអ្នកផ្សេងទៀត
S
Soriya Sou
13 មករា 2025 07:30 AM

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗអំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលអាចបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។ លោក ស៊ុន ចាន់ថុល បានអំពាវនាវដូច្នេះ ស្របពេលរោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀតរបស់វិនិយោគិនចិន បានបើកការដ្ឋានសាងសង់ នៅខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥

តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (របស់ចិន) ដែលប្រារព្ធពិធីបើកការដ្ឋានសាងសង់ ជាការដាក់ទុនវិនិយោគនៅកម្ពុជា ដែលកើតចេញពីជំនួបពិភាក្សាទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយតំណាងក្រុមហ៊ុនចិន ក្នុងដំណើរបេសកកម្មនៅរោងចក្រ វ៉ាន់លី ថាយអឺ នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីខែតុលា ឆ្នាំ២០២៣។

គម្រោងនេះមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត ខេត្តស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ៣២ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០លានដុល្លារអាម៉េរិក ដែលរំពឹងថានឹងបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ១០០០កន្លែង។ គម្រោងវិនិយោគមួយនេះ ត្រូវបានចាត់ទុកជាសមិទ្ធផលថ្មីមួយទៀត ដែលអាចចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងសម្រាប់ខេត្តស្វាយរៀង។ 

សូមជម្រាបថា នៅក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២ ដែលកំពុងដំណើរការ ហើយបានស្រូបទាញគម្រោងវិនិយោគប្រមាណ២៨០គម្រោង ក្នុងទុនវិនិយោគប្រមាណ៣ពាន់លាន ដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនកម្មករជិត១សែនកន្លែង។ សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិតនេះ បានស្រូបយកគម្រោងវិនិយោគចំនួន១១គម្រោង ហើយវិស័យដែលគួរឱ្យកត់សម្គាល់នោះគឺការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មី និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់មិនធ្លាប់មាននៅកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត