
ទីក្រុងណាននីង៖ លោក វ៉ូ ដុង (Wu Dong) ប្រធានក្រុមហ៊ុន Yunhong Group គ្រោងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅប្រទេសកម្ពុជា និងស្នើសុំកិច្ចសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងរកដៃគូពាណិជ្ជកម្មនៅកម្ពុជា លើការផលិត និងកែច្នៃចំណីអាហារ ទឹកផ្លែឈើ និងភេសជ្ជៈ ដែលមានគុណភាពក៏ដូចជាសុវត្ថិភាពសម្រាប់ការនាំចេញទៅក្រៅ និងអ្នកប្រើប្រាស់ក្នុងប្រទេសខ្មែរ…។

ការលើកទ្បើងបែបនេះ ក្នុងឱកាសលោកប្រធានក្រុមហ៊ុន ពិភាក្សាការងារជាមួយលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្មីៗ នៅទីក្រុងណាននីង ប្រទេសចិន។ លោកប្រធានក្រុមហ៊ុន គូសបញ្ជាក់ថា តាមរយៈវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា ក្រុមហ៊ុនបានឃើញអំពីឱកាស និងសក្តានុពលរបស់ប្រទេសកម្ពុជាក្នុងការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ ជាកិច្ចឆ្លើយតប លោករដ្ឋលេខាធិការ ស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ក្នុងការពង្រីកអាជីវកម្ម និងជ្រើសយកកម្ពុជា ជាប្រទេសគោលដៅក្នុងការចាប់ដៃគូសហការពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្ម តែងតែយកចិត្តទុកដាក់លើការសម្របសម្រួលវិស័យឯកជន ជាពិសេសក្នុងការពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ច។

សូមជម្រាបថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC អនុម័តបានគម្រោងវិនិយោគចំនួន៤៩១ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៧,២ប៊ីលានដុល្លារអាម៉េរិក។ គម្រោងវិនិយោគនេះ កើនឡើង២០៤គម្រោង ស្មើនឹង៧១ភាគរយ ខណៈទុនវិនិយោគកើនឡើង២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ការទាក់ទាញវិនិយោគបានច្រើននេះ ក៏ដោយសារការសម្រួលពន្លឿននីតិវិធី ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរួមមាន៖ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp)។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ ចំណេញពេលវេលាដោយផ្តល់លទ្ធភាពឱ្យថ្នាក់ដឹកនាំ CDC មន្ត្រីបច្ចេកទេស ក៏ដូចជាវិនិយោគិនអាចបំពេញភារកិច្ច និងដាក់ពាក្យស្នើសុំបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា៕



