
រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតទ្បើងរវាងរថយន្តបុក និងម៉ូតូត្រង់ចំណុចលើផ្លូវ៦០ម៉ែត្រ (រាជធានីភ្នំពេញ) កាលពីល្ងាចថ្ងៃទី១០មករា ឆ្នាំ២០២៥ បណ្ដាលឱ្យមនុស្សស្លាប់៣នាក់និងម្នាក់កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ ពេលនេះសមត្ថកិច្ចកំពុងត្រៀមបញ្ជូនជនបង្កដែលបើកទាំងស្រវឹងស្រា ទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់…។

លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់អង្គភាពសារព័ត៌មាន SBM News តាមប្រព័ន្ធទូរសព្ទថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានមនុស្សស្លាប់ចំនួនបីនាក់ក្នុងនោះក្មេងតូច២នាក់ និងមនុស្សចាស់ម្នាក់ត្រូវជាឳពុក ខណៈស្រ្តីជាភរិយាត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំពោះជនបង្កសមត្ថកិច្ចបាននាំខ្លួនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីសាកសួរ ហើយត្រៀមបញ្ជូនទៅតុលាការ។

អ្នកនាំពាក្យគូសបញ្ជាក់ថា៖«មកដល់ពេលនេះសមត្ថកិច្ចយើងបាននាំអ្នកបើកបររថយន្តយកមកដើម្បីយកមកសាកសួរ ហើយនឹងបញ្ជូនទៅកាន់អយ្យការនៃសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី។ ការបើកបររបស់គាត់ស្ថិតក្នុងស្ថានភាពស្រវឹង[…] ។

អ្នកនាំពាក្យបន្ថែមថា អយ្យការសាលាដំបូងរាជធានីភ្នំពេញជាអ្នកពិនិត្យលើអង្គហេតុអង្គច្បាប់ ហើយដាក់បទចោទលើជនបង្ក រីឯមន្រី្តនគរបាល គ្រាន់តែមានដែនសមត្ថកិច្ចក្នុងការកសាងសំណុំរឿងប៉ុណ្ណោះ។ សូមជម្រាបថា កាលពីថ្មីៗនេះតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍កើតទ្បើងរវាងរថយន្តបុកផ្ទប់ជាមួយនឹងម៉ូតូពេញទំហឹងស្លាប់ម្នាក់ដែលជាតារាចម្រៀងរ៉េបឈ្មោះ លោក ដាវីត ឫទ្ធិរុទ្រ ហៅ RUTH KO៕



