
រាជធានីភ្នំពេញ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ កំណត់អត្តសញ្ញាណម្ចាស់រថយន្ដស៊េរីទំនើប ដែលបង្កគ្រោះថ្នាក់ចរាចរបុកម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹងបណ្ដាលឱ្យមនុស្សបីនាក់របួសធ្ងន់ និងស្លាប់យ៉ាងអណោចអាធម ខណៈនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ម្ចាស់គណនី Phalla phon បានបង្ហោះសារធ្វើឱ្យមហាជនឃើញហើយកាន់តែអាណិតអាសូរដល់ជនរងគ្រោះ ព្រមទាំងទទូចឱ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ ចំពោះជនឆ្លៀតបន្លំជាគ្រួសារជនរងគ្រោះលួចទ្រព្យសម្បត្តិទៅគ្មានសល់....។

យ៉ាងណាមិញ ដោយយោងតាមគេហទំព័រហ្វេសប៊ុកផេកជាផ្លូវការ Phalla Phorn ដែលមហាជនស្គាល់ថា ជាអ្នកគ្រប់គ្រងមណ្ឌលមែកឈើ ថ្មីៗនេះបានបង្ហោះសារយ៉ាងខ្លោចចិត្ត ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីលោកអញ្ជើញជួបជាមួយក្រុមគ្រួសារជនរងគ្រោះ។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ “សំខាន់មានអ្នកបន្លំ ធ្វើជាគ្រួសារជនរងគ្រោះលួចយកកាបូបលុយ (ដែលមានលុយមួយចំនួន) ខ្សែ-កមាសចំនួន៥ជី ព្រមទាំងទូរសព្ទរបស់អ្នកស្លាប់ទៅទៀត-គ្នាបានបាត់បង់អាយុជីវិត ទាំងម្តាយទាំងកូនទៅហើយ ងាកទៅប្ដីត្រូវជាឪពុករបស់ក្មេង មិនដឹងថាត្រូវសង្រ្គោះបាន ឬអត់ផង ប៉ុន្តែអ្នកកាន់តែគ្មានធម៌មេត្តាសម្រាប់ពួកគេបន្តិចសោះ ហ៊ឹម...!”។

សារមួយនេះ បានធ្វើឱ្យមហាជនជាច្រើននៅក្នុងបណ្ដាញសង្គម បង្ហាញក្ដីអាសូរជាពន់ពេកចំពោះគ្រួសារជនរងគ្រោះ ដែលមានទុក្ខជួបគ្រោះបាត់បង់សមាជិកគ្រួសារហើយ បែរជាជនមិនស្គាល់បុណ្យបាបមកបន្លំយកទ្រព្យសម្បត្តិមានតម្លៃទៅដោយគ្មានភាពអាណិតមេត្តាសោះឡើយ រហូតដល់មហាជនខ្លះបានទទូចស្នើសុំឱ្យសមត្ថកិច្ចតាមវែកមុខជនឆ្លៀតឱកាសនោះ មកដាក់ទោសឱ្យរាងចាល ដើម្បីជាមេរៀនសម្រាប់ជនឯទៀត កុំឱ្យហ៊ានប្រព្រឹត្តិទង្វើបែបនេះ។ គួជម្រាបថា នៅថ្ងៃទី២៥ខែធ្នូ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាក្ដៅទៅកាន់សមត្ថកិច្ចជំនាញទាំងអស់សហការ បង្ក្រាបមុខសញ្ញាម្ចាស់រថយន្ដស៊េរីទំនើបម៉ាក់HAMMER ដែលបានបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោក បើកបរបណ្តាលឱ្យដទៃស្លាប់ និងរត់គេចខ្លួនពីកន្លែងប្រព្រឹត្ត មកទទួលខុសត្រូវតាមនីតិវិធីជាធរមាន៕





