ត្រឹមមួយយប់នៅក្រុងព្រះសីហនុ គ្រោះថ្នាក់ចរាចរណ៍កើតទ្បើង៣ករណីផ្សេងគ្នា​​បង្កឱ្យមនុស្ស៥នាក់រ.ងរ.បួ.សធ្ងន់
យិត​​ ស្រីល័ក្ខ
06 កុម្ភៈ 2024 03:15 AM

ខេត្តព្រះសីហនុ៖​ ត្រឹមតែមួយយប់ថ្ងៃទី៥ ខែកុម្ភៈ​​ ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍កើតទ្បើងចំនួន៣ករណីផ្សេងគ្នា​​ ក្នុងនោះបង្កដោយរថយន្ត និងម៉ូតូ ម៉ូតូ​​​ និងផាសអេប​​​​ នៅក្រុងព្រះសីហនុ បណ្តាលឱ្យមនុស្សចំនួន៥នាក់រងរបួសធ្ងន់...។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ករណីទី១.កើតហេតុនៅវេលាម៉ោង២០ៈ០០នាទីយប់ថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៤ តាមបណ្តោយផ្លូវមិត្តភាពចំណុចមុខផ្សារចិន រវាងរថយន្ត និងម៉ូតូ ដោយរថយន្តមួយគ្រឿងម៉ាក​​​ Sraric ពណ៌-ស ពាក់ស្លាកលេខ ២BX-៨៦១៦ បត់ក្រោយមិនប្រយ័ត្នត្រូវប៉ះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ក្រហម សេរីឆ្នាំ២០១៥ បុកចំពាក់កណ្តាលរថយន្តរងការខូចខាតយ៉ាងដំណំ។ ​​ បុរសអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ​រីឯករណីទី២. កើតទ្បើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃដដែល​​ មាន​​បុរសម្នាក់ដើរឆ្លងថ្នល់ នៅតាមបណ្តោយផ្លូវឯករាជ្យ ម្តុំជីងបុី១ ក្នុងសង្កាត់លេខ៤ ក៏ត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក់បើកបុក។​​​​ ក្រោយកើតហេតុ រថយន្តបង្កបានរត់គេចខ្លួន ចំណែកជនរងគ្រោះត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ដោយទ្បែក ករណីទី៣.ម៉ោងជាង១០យប់ថ្ងៃដដែល​​ នៅឃ្លាំងលើ សង្កាត់លេខ១ មានគ្រោះថ្នាក់ចរាចរណ៍បុកប៉ះគ្នារវាងម៉ូតូ​​​ និងផាសអេប។ តាមសាក្សីឃើញហេតុការណ៍ បានឱ្យដឹងថា គេបានឃើញម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ សេ១២៥ សេរីឆ្នាំ២០១៧ គ្មានស្លាកលេខ បើកមកដល់ដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយគូទផាសអេបមួយគ្រឿង ពណ៌-ស ពាក់ស្លាកលេខ កំពង់ស្ពឺ ១P-៦៣៩៩ បណ្តាលឱ្យបុរសអ្នកបើកផាសអេមម្នាក់រងរបួសធ្ងន់ និងភាគីខាងម៉ូតូជិះគ្នា២នាក់រងរបួសធ្ងន់ដូចគ្នា។​​ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំពោះវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយបន្តតាមនីតិវិធីនៅពេលក្រោយ៕​​ រាយការណ៍ដោយ៖​​ ភ្នាក់ងារខេត្តព្រះសីហនុ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត