
បន្ទាយមានជ័យ៖ បុរសម្នាក់នេះ បានជិះម៉ូតូឌុបកូន៣នាក់យកទៅផ្ញើឪពុកម្តាយឯស្រុកព្រះនេត្រព្រះ ហើយក៏ប្រញាប់ទៅជួបប្រពន្ធដែលកំពុងរង់ចាំនៅឯព្រំដែន ដើម្បីបានឡើងទៅធ្វើការជាពលករនៅប្រទេសថៃ ដឹងអីជិហមកដដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធម៌ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ...។

ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី០៥ធ្នូ ឆ្នាំ២០២៣ នៅចំណុចមូលដ្ឋានខាងលើរវាងរថយន្តហាឡែនឌ័រពាក់ស្លាកលេខភ្នំពេញ ២AW-0៨៦៣ និងភាគីអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខបន្ទាយមានជ័យ ១A.៣៩៣៩ បើកបរបញ្ច្រាសទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿន បណ្តាលឱ្យបុរសអ្នកបើកបរម៉ូតូឈ្មោះ ផល ជុយ ដែលមានបំណងជិះទៅដឹកប្រពន្ធនៅឯស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីទៅធ្វើការងារនៅប្រទេសថៃជាមួយគ្នានោះបាត់បង់ជីវិតនៅនឹងកន្លែង។ យោងតាមប្រភពពីគ្រួសារសាច់ញាតិ បានឱ្យដឹងថា បុរសឈ្មោះ ផល ជុយ និងប្រពន្ធ ព្រោះតែជីវភាពខ្វះខាតក៏បានដឹកកូនយកទៅផ្ញើឪពុកម្តាយនៅស្រុកព្រះនេត្រព្រះឱ្យជួយមើលថែ ចំណែកពួកគេពីរនាក់ប្ដីប្រពន្ធ នឹងទៅរកការងារធ្វើនៅឯប្រទេសថៃបន្តទៀត។ លុះពេលត្រឡប់ពីយកកូនទៅទុកនឹងឪពុកម្តាយរួច ខាងប្ដីបានជិះត្រឡប់ទៅយកប្រពន្ធនៅឯស្រុក ប៉ុន្តែជាអកុសលបែរជាជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងអាណោចអាធម៌បែបនេះតែម្ដង។

ដោយឡែក ភ្លាមៗមន្ត្រីនគរបាលចរាចរស្រុកព្រះនេត្រព្រះ បានចុះមកសម្រួលចរាចរណ៍ និងធ្វើការវាស់វែង ហើយបានឱ្យដឹងថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គឺបង្កដោយរថយន្តហាឡែនឌ័រ ពាក់ស្លាកលេខភ្នំពេញ ២AW-0៨៦៣ បើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុកជាមួយអ្នកជិះម៉ូតូបញ្ច្រាស់ទិសគ្នាពេញទំហឹងចំពីមុខ បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង ឯម៉ូតូខូចខាតខ្ទេចវ៉ល់ និងរថយន្តខ្ទេចផ្នែកខាងមុខ។ មន្ត្រីនគរបាល បានឱ្យដឹងបន្តថា ក្រោយធ្វើការវាស់វែងរួចទាំងរថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ឯចំណែកជនរងគ្រោះប្រគល់ឱ្យគ្រួសារសពដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។

នេះគឺជាសោកនាដកម្មមួយដែលគួរឱ្យតក់ស្លុតបំផុត ខណៈដែលគ្រួសារមួយកំពុងជួបការលំបាករឿងបញ្ហាជីវភាពក្នុងជីវិតរហូតបបួលគ្នាធ្វើចំណាកស្រុកទៅធ្វើការនៅស្រុកគេដើម្បីរស់ ប៉ុន្តែបែរជាមករងគ្រោះត្រូវរថយន្តបុកប្ដីស្លាប់បាត់ តើអនាគតក្មេងកំព្រាឪពុកទាំងបីនាក់ និងស្ត្រីជាភរិយានឹងទៅជាយ៉ាងណា...? ដូច្នេះ ចំពោះអ្នកដែលមានរថយន្តជិះ សូមបើកបរមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំព្រោះតែយើងមានរថយន្ត បើកបរមិនគិតដល់សុវត្ថិភាពអ្នករួមដំណើរលើដងផ្លូវជាមួយនោះ គឺវាមិនត្រឹមត្រូវទេ ជាក់ស្តែង ដូចករណីខាងលើនេះ គឺតៃកុងរថយន្តបានបំផ្លាញអនាគតគ្រួសារមួយឱ្យធ្លាក់ទៅក្នុងជ្រោះមរណៈនៃភាពក្រីក្រនៅនឹងភ្នែកស្រស់របស់ខ្លួនហើយ សួរថាតើលោកមានវិប្បដិសារីទេ បើហេតុការណ៍ធ្លាក់មកលើគ្រួសាររបស់លោកវិញ..?...៕ រាយការណ៍ដោយ៖ ឈុន មករា





