កសិករទុក«ស្រូវមិត្តក្រៀល»៥ទៅ៥០ភាគរយក្នុងស្រែ ឱ្យសត្វក្រៀល
អុន សម្ផស្ស
11 មករា 2025 10:00 AM

រាជធានីភ្នំពេញ៖ កសិករក្នុង«កម្មវិធីស្រូវមិត្តក្រៀល» ដែលដាំដុះពូជស្រូវប្រចាំតំបន់ និងប្រភេទស្រូវដែលក្រៀលចូលចិត្តស៊ីដោយមិនប្រើប្រាស់ថ្នាំ និងជីគីមីកសិកម្ម បានយល់ព្រមរក្សាទុកស្រូវចន្លោះ៥ទៅ៥០ភាគរយ ក្នុងស្រែរបស់ពួកគាត់ សម្រាប់ជាចំណីបន្ថែមដល់សត្វក្រៀលនារដូវដែលពួកវាមករកចំណី។ ​នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

រូបភាព មន្ត្រីជំនាញក្នុងកម្មវិធីស្រូវមិត្តក្រៀល ប្រភព៖(ក្រសួងបរិស្ថាន)។
រូបភាព មន្ត្រីជំនាញក្នុងកម្មវិធីស្រូវមិត្តក្រៀល ប្រភព៖(ក្រសួងបរិស្ថាន)។

បើតាក្រសួង កម្មវិធីស្រូវមិត្តក្រៀល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានដែលមានដីស្រែនៅជុំវិញ និងជាប់តំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងភូមិសាស្ត្រខេត្តកំពត ក្នុងកិច្ចការងារអភិរក្សសត្វក្រៀល ក៏ដូចជារួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន។ ជំរុញទៅលើការដាំដុះពូជស្រូវប្រចាំតំបន់ និងប្រភេទស្រូវដែលក្រៀលចូលចិត្តស៊ីដោយមិនប្រើប្រាស់ថ្នាំ និងជីគីមីកសិកម្ម។ កសិករផលិតស្រូវមិត្តក្រៀលបានជាមធ្យមប្រមាណ ៣០០តោន ជារៀងរាល់ឆ្នាំ ព្រមទាំងធ្វើឱ្យមានតុល្យភាពនៃការអភិរក្សអេកូឡូស៊ីជាមួយនឹងកសិកម្មប្រកបដោយនិរន្តរភាព។

រូបភាព មន្ត្រីជំនាញក្នុងកម្មវិធីស្រូវមិត្តក្រៀល ប្រភព៖(ក្រសួងបរិស្ថាន)។
រូបភាព មន្ត្រីជំនាញក្នុងកម្មវិធីស្រូវមិត្តក្រៀល ប្រភព៖(ក្រសួងបរិស្ថាន)។

តាមក្រសួង តំបន់ការពារទេសភាពអន្លង់ព្រីង មានទីតាំងស្ថិត ខេត្តកំពត ជាតំបន់ដីសើមដ៏មានសក្តានុពលមួយ ជួយទ្រទ្រង់ ទៅដល់ការរស់នៅរបស់សត្វក្រៀលយ៉ាងតិច ៣៥ភាគរយ នៃចំនួនក្រៀលដែលមានទាំងអស់ នារដូវមិនបន្តពូជ។ ទោះយ៉ាងណាក៏ដោយ សត្វក្រៀលដែលមករកចំណីនៅក្នុងតំបន់ខាងលើនេះនៅតែបន្តរងការគំរាមកំហែងពីសកម្មភាពមួយចំនួន ដូចជា ការបំប្លែងទីជម្រក កង្វះចំណី និងការបំពុលបណ្តាលមកពីការប្រើប្រាស់ថ្នាំ និងជីគីមីកសិកម្មលើសកម្រិតទៅលើដំណាំ។ ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ក្រសួងបរិស្ថាន បានផ្តួចផ្តើមបង្កើតកម្មវិធីស្រូវមិត្តក្រៀល ដោយសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជាដែលក្នុងនោះមានលក្ខខណ្ឌចំនួន១២ ត្រូវបានកំណត់យកក្នុងការចង្អុលបង្ហាញកម្មវិធីស្រូវមិត្តក្រៀលដែលធ្វើឡើង ដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ដែលកាត់បន្ថយការគំរាមកំហែង និងការប៉ះពាល់ដល់ប្រភេទសត្វក្រៀល។

រូបភាព សត្វក្រៀល ប្រភព៖(ក្រសួងបរិស្ថាន)។
រូបភាព សត្វក្រៀល ប្រភព៖(ក្រសួងបរិស្ថាន)។

សត្វក្រៀល (Antigone antigone sharpii) ត្រូវបានចាត់ថ្នាក់ចូលជាប្រភេទកំពុងទទួលរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ យោងតាមលទ្ធផលជំរឿនក្នុងឆ្នាំ២០២៣ សត្វក្រៀលមានចំនួន១៨០ក្បាល ត្រូវបានកត់ត្រា។ ក្នុងកំលុងពេល១០ឆ្នាំចុងក្រោយនេះ ចំនួនសត្វក្រៀលត្រូវបានថយចុះក្នុងកម្រិតមួយដ៏គួរឱ្យព្រួយបារម្ភ ដោយសារតែការកើនឡើងនៃអត្រាការស្លាប់ និងការពងកូនមានកម្រិតបរាជ័យខ្ពស់។ កត្តាគំរាមកំហែងផ្សេងៗទៀតចំពោះសត្វក្រៀលមានដូចជា ការបាត់បង់ទីជម្រក ការរំខានដល់ការពងកូន ការបំពុលដែលបណ្តាលមកពីការប្រើថ្នាំគីមីកសិកម្មលើសកម្រិត កង្វះចំណី ការបរបាញ់ ការប្រែប្រួលវដ្ដទឹក និងកត្តាបម្រែបម្រួលអាកាសធាតុជាដើម៕

រូបភាព សត្វក្រៀល ប្រភព៖(ក្រសួងបរិស្ថាន)។
រូបភាព សត្វក្រៀល ប្រភព៖(ក្រសួងបរិស្ថាន)។
រូបភាព សត្វក្រៀល ប្រភព៖(ក្រសួងបរិស្ថាន)។
រូបភាព សត្វក្រៀល ប្រភព៖(ក្រសួងបរិស្ថាន)។
រូបភាព ស្រូវមិត្តក្រៀល ប្រភព៖(ក្រសួងបរិស្ថាន)។
រូបភាព ស្រូវមិត្តក្រៀល ប្រភព៖(ក្រសួងបរិស្ថាន)។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត