ក្រុមតាមដានជីវៈចម្រុះ រកឃើញសត្វក្រៀល២២ក្បាលទៀត ជាចំនួនច្រើនបំផុតមិនធ្លាប់មាន
អុន សម្ផស្ស
02 មករា 2025 04:00 AM

រាជធានីភ្នំពេញ៖ ក្រុមការងារតាមដានជីវៈចម្រុះនៃអង្គការ USAID មរតកបៃតង បានតាមដាន និងប្រទះឃើញសត្វក្រៀលចំនួន២២ក្បាលបន្ថែមទៀត នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខណៈការប្រទះឃើញនាចុងឆ្នាំ២០២៤នេះ ត្រូវបានក្រុមអ្នកជំនាញ អះអាងថា លើសពីការប្រទះឃើញកាលពីរដូវកាលឆ្នាំមុន..។

រូបភាពសត្វក្រៀលដែលត្រូវបានប្រទះឃើញក្នុងខែធ្នូ ឆ្នាំ២០២៤។ ប្រភព៖ USAID មរតកបៃតង
រូបភាពសត្វក្រៀលដែលត្រូវបានប្រទះឃើញក្នុងខែធ្នូ ឆ្នាំ២០២៤។ ប្រភព៖ USAID មរតកបៃតង

ផ្អែកតាមសារអត្ថាធិប្បាយរបស់ USAID មរតកបៃតង កាលពីល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គូសបញ្ជាក់ថា ក្នុងចំណោមសត្វក្រៀលទាំង១២ក្បាលដែលទើបប្រទះឃើញនោះ មានកូនទើបនឹងធំចំនួន៨ក្បាល។ ពួកវាត្រូវបានក្រុមការងារតាមដានជីវៈចម្រុះប្រទះឃើញពេលកំពុងធ្វើជំរឿនសត្វស្លាបក្នុងទីតាំងផ្សេងៗគ្នាចំនួន៧កន្លែង នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ USAID មរតកបៃតង កត់សម្គាល់ថា៖«ចំនួននេះគឺមានលើសពីពេលណាៗទាំងអស់ដែលក្រុមការងារបានប្រទះឃើញនៅក្នុងដែនជម្រក និងលើសពីការប្រទះឃើញនៅក្នុងរដូវកាលឆ្នាំមុន ដែលក្រុមការងារបានតាមដានឃើញតែចំនួន១៦ក្បាលប៉ុណ្ណោះ»

រូបភាពសត្វក្រៀលដែលត្រូវបានប្រទះឃើញក្នុងខែធ្នូ ឆ្នាំ២០២៤។ ប្រភព៖ USAID មរតកបៃតង
រូបភាពសត្វក្រៀលដែលត្រូវបានប្រទះឃើញក្នុងខែធ្នូ ឆ្នាំ២០២៤។ ប្រភព៖ USAID មរតកបៃតង

សត្វក្រៀលទាំង២២ក្បាល រួមទាំងកូនៗរបស់ពួកវា ត្រូវបានសង្កេតឃើញហើរ និងស្វែងរកចំណីនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលជាការកំណត់ត្រាថ្មីមួយនៅក្នុងរដូវកាលនេះ។ ដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងចំណោមតំបន់ដ៏តិចតួចប៉ុណ្ណោះ នៅក្នុងតំបន់មេគង្គ ដែលមានសត្វក្រៀលបន្តពូជ ចិញ្ចឹមកូន និងស្នាក់នៅនារដូវរងា។ ការកើនឡើងនូវវត្តមានសត្វក្រៀលដ៏គួរឱ្យកត់សម្គាល់នេះ គឺជាសក្ខីភាពមួយចំពោះភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សជីវៈចម្រុះរបស់ក្រុមអ្នកជំនាញ និងជាលទ្ធផលដ៏ល្អក្នុងការបិទបញ្ចប់ឆ្នាំ២០២៤ ដើម្បីឈានទៅបន្តការងារអភិរក្សនៅក្នុងឆ្នាំ២០២៥ ដែលពោរពេញទៅដោយក្ដីសង្ឃឹម និងការប្តេជ្ញាចិត្តខ្ពស់បន្ថែមទៀត ពី USAID មរតកបៃតង ។

រូបភាពសត្វក្រៀលដែលត្រូវបានប្រទះឃើញក្នុងខែធ្នូ ឆ្នាំ២០២៤។ ប្រភព៖ USAID មរតកបៃតង
រូបភាពសត្វក្រៀលដែលត្រូវបានប្រទះឃើញក្នុងខែធ្នូ ឆ្នាំ២០២៤។ ប្រភព៖ USAID មរតកបៃតង

សត្វក្រៀលបច្ចុប្បន្ន ត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទកំពុងទទួលរងការគំរាមកំហែង ហើយប្រភេទសត្វក្រៀលនៅអាស៊ីអាគ្នេយ៍ដែលរួមបញ្ចូលសត្វក្រៀលតំបន់ទន្លេមេគង្គផងដែរនោះ កំពុងឈានទៅរកការផុតពូជ ប្រសិនបើមិនមានការការពារទេនោះ ដោយពួកវាត្រូវបានគេរកឃើញថា មានកាច់សំបុកប្រហែលតិចជាង ៥០សំបុកប៉ុណ្ណោះ កាលពីឆ្នាំមុន ដោយសារការបាត់បង់ទីជម្រក និងកត្តាគំរាមកំហែងផ្សេងៗទៀត។ ហេតុនេះ USAID មរតកបៃតង ស្នើភាគីពាក់ព័ន្ធចូលរួមការពារសត្វស្លាបប្រភេទនេះ។

រូបភាពសត្វក្រៀលដែលត្រូវបានប្រទះឃើញក្នុងខែធ្នូ ឆ្នាំ២០២៤។ ប្រភព៖ USAID មរតកបៃតង
រូបភាពសត្វក្រៀលដែលត្រូវបានប្រទះឃើញក្នុងខែធ្នូ ឆ្នាំ២០២៤។ ប្រភព៖ USAID មរតកបៃតង

សូមជម្រាបថា ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន USAID មរតកបៃតង និងដៃគូដទៃទៀត កំពុងប្រឹងប្រែងអភិរក្សសត្វក្រៀលទាំងនេះ រួមមានការតាមដានការពារសំបុកសត្វ ការល្បាតព្រៃឈើ និងសកម្មភាពជាច្រើនផ្សេងទៀត។ ហើយសកម្មភាពអភិរក្សសត្វក្រៀលនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលត្រូវបានជំរុញដោយការអនុវត្តគម្រោងរេដបូកលំផាត់ ដែលមានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់ជីវៈចម្រុះ ការពារវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចក្នុងតំបន់ និងការរស់នៅប្រកបដោយបរិយាកាសល្អតាមរយៈការអភិរក្សព្រៃឈើឱ្យនៅគង់វង្ស៕

រូបភាពសត្វក្រៀលដែលត្រូវបានប្រទះឃើញក្នុងខែធ្នូ ឆ្នាំ២០២៤។ ប្រភព៖ USAID មរតកបៃតង
រូបភាពសត្វក្រៀលដែលត្រូវបានប្រទះឃើញក្នុងខែធ្នូ ឆ្នាំ២០២៤។ ប្រភព៖ USAID មរតកបៃតង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត