
ខេត្តក្រចេះ៖ នៅចំណុចអន្លង់ក្រវែន ភូមិច្ររកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី០៩មករា ឆ្នាំ២០២៥ មានករណីប្ដីសម្លាប់ប្រពន្ធ រួចប្ដីក៏រត់ទៅធ្វើអត្ដឃាតចង-កខ្លួនតាមក្រោយ។ មូលហេតុ គឺដោយសារតែភ្លើងប្រចណ្ឌ…។

ប្រភពពីម្តាយរបស់ស្រ្តីរងគ្រោះ រៀបរាប់ថា កូនស្រ្តីរបស់គាត់ បានទៅធ្វើការជាចុងភៅនៅក្រុងបាវិត ខេត្តស្វាយរៀង បានរយៈពេល២ឆ្នាំ ហើយនៅថ្ងៃទី០៨មករា ឆ្នាំ២០២៥ កូនស្រីបានមកលេងនៅផ្ទះ ហើយ១ថ្ងៃក្រោយ ស្រាប់តែសុខៗ ក៏ឮសំឡេងចៅៗស្រែកយំ ក៏រត់មកមើល ក៏ឃើញកូនស្រ្តីជាម្តាយរបស់ចៅៗនោះ ដេកស្លាប់ ហើយកូនប្រសា ក៏ជិះម៉ូតូចេញពីផ្ទះប្រឡាក់ដោយឈាមទៅបាត់។

លោក ហន ប៉ូច អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឱ្យដឹងនៅថ្ងៃទី១០មករានេះ ថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូចេញចម្ងាយប្រហែល៤០០ម៉ែត្រពីផ្ទះ ចូលទៅចម្ការស្វាយចន្ទីរបស់ខ្លួន ហើយចងកសម្លាប់ខ្លួនតែម្តង។ សមត្ថកិច្ចសន្ឋិដ្ឋានថា ហេតុការណ៍ដ៏សោកសៅខាងលើ កើតឡើងដោយសារតែស្វាមីប្រចណ្ឌភរិយា។ បច្ចុប្បន្នសាកសពប្តីប្រព័ន្ធទាំង២ ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
រាយការណ៍ដោយ៖ ភ្នាក់ងារខេត្តក្រចេះSN




