
ខេត្តព្រៃវែង៖ បុរសម្នាក់បានយកកាំបិតផ្គាក់កាប់ទៅលើស្ត្រីម្នាក់ជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ព្រោះតែខឹងជនរងគ្រោះដើរនិយាយដៀមដាមថា ខ្លួនជួញដូរគ្រឿងញៀន។ ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវកៅស៊ូ ភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតមានករណីនេះជនសង្ស័យឈ្មោះ ចិន គឹមហ័រ បានគុំខឹងជនរងគ្រោះឈ្មោះ លាង សុជា ដើរនិយាយថា ខ្លួនចែកចាយគ្រឿងញៀន ក៏បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះត្រូវចំខ្នង, ក្បាល, ដៃខាងឆ្វេង ខណៈជនរងគ្រោះកំពុងដើររុញរទេះដឹកកូនអាយុ១ខួបតាមថ្នល់កៅស៊ូ បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មជាទីបំផុត។ ប្រភពបន្តថា ក្រោយកើតហេតុភ្លាមៗកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង ចុះអន្តរាគមន៍ដល់ទីតាំងដើម្បីពិនិត្យធ្វើកោសល្យវិច័យ និងបានចាប់ឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំផងដែរ។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯជនសង្ស័យរួមនឹងវត្ថុតាងត្រូវកម្លាំងនគរបាលខេត្តព្រៃវែង កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។

ករណីនេះ គឺជាមេរៀនមួយជីវិតមួយសម្រាប់អ្នកចូលចិត្តនិយាយដើមគេ ឬមហាជនតែងនិយមហៅថា «ស៊ីត្រាវ» ត្រូវប្រុងប្រយ័ត្នចំពោះពាក្យសម្តីរបស់ខ្លួន ជុំវិញការរិះគន់អ្នកដទៃដែលមានចិត្តសាហាវ។ ពាក្យចាស់ពោលថា មនុស្សស្លាប់រស់ក៏ព្រោះតែសម្តី បើយើងនិយាយទៅដោយពោលពាក្យគ្រោតគ្រាតទៅលើនរណាម្នាក់ នោះលទ្ធផលអវិជ្ជមាននឹងវិលត្រឡប់មកខ្លួនយើងវិញមិនខាន។ ជាក់ស្តែង ករណីខាងលើជាឧទាហរណ៍ស្រាប់ ជនរងគ្រោះបានស្លាប់ក៏ព្រោះតែពាក្យសម្តីឌឺដងរបស់ខ្លួន ដោយមិនបានគិតដល់លទ្ធផលនៃការពាក្យសម្តីរបស់ខ្លួន ថានឹងទទួលបានផលអ្វីមកវិញ ដែលព្យាយាមនិយាយរឿងអ្នកដទៃ ខណៈដែលជនបង្កជាមនុស្សដៃឆៅ មិនជជែកឈ្លោះហើយបានកាប់សម្លាប់មនុស្សដោយគ្មានញញើតដៃ ដូច្នេះ មុននឹងនិយាយស្ដីទៅកាន់នរណាម្នាក់ តោងគិតឱ្យបានល្អិតល្អន់ជាមុនសិន ចៀសវាងជួបគ្រោះថ្នាក់រងគ្រោះដូចស្ត្រីខាងលើនេះ...៕
សូមទស្សនាវីដេអូព័ត៌មាន៖




