
(ខេត្តកំពង់ឆ្នាំង)៖ យុវជនម្នាក់សម្រេចបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួននៅនឹងដើមឈើ ដោយសាររងសម្ពាធផ្លូវចិត្ត ក្រោយត្រឡប់មកពីចម្ការលោក ខឹម វាសនា ក្នុងខេត្តសៀមរាបវិញ។ ជនរងគ្រោះមានឈ្មោះ ម៉ាត ម៉ាន អាយុ២០ឆ្នាំ មានទីលំនៅភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចងកសម្លាប់ខ្លួននៅនឹងដើមឈើ ក្បែរវាលស្រែ នាវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៧ ខែសីហា ជនរងគ្រោះខាងលើបានទៅស្នាក់នៅក្នុងចម្ការលោក ខឹម វាសនា ជាមួយនឹងមិត្តភក្កិដែលមកពីប្រទេសកូរ៉េ ទោះបីជាមានការដាស់តឿន និងហាមឃាត់ពីសំណាក់ឪពុកម្ដាយរបស់ខ្លួនក្ដី។ រហូតដល់ថ្ងៃទី៣០ ខែសីហា ជនរងគ្រោះក៏សម្រេចចិត្តត្រលប់មកពីចម្ការនោះវិញ ខណៈនោះឪពុកម្ដាយក៏បានបន្ទោសឱ្យបន្តិចបន្តួច ដើម្បីឱ្យកូនភ្ញាក់ខ្លួន តែកូនមិនយល់បែរជាសម្រេចចិត្តចងកសម្លាប់ខ្លួន នាព្រឹកថ្ងៃទី០៥ ខែកញ្ញានេះតែម្ដង។
ថ្លែងប្រាប់ SBM News តាមទូរសព្ទ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង លោកឧត្ដមសេនីយ៍ត្រី អៀរ ប៊ុនធឿន បានប្រាប់ឱ្យដឹងថា ជនរងគ្រោះខាងលើសម្រេចបញ្ចប់ជីវិតខ្លួនឯង បណ្ដាលមកពីកត្ដាសម្ពាធផ្លូវចិត្ត ក្រោយពីមានការចំអកលេងដោយជនរងគ្រោះជឿតាមការអូសទាញរបស់ក្រុមមនុស្សមួយចំនួនឱ្យទៅសា្នក់នៅក្នុងចម្ការរបស់លោក ខឹម វាសនា ដើម្បីរក្សាជីវិតដោយសារតែមានទឹកលិចពិភពលោក។
លោកឧត្ដមសេនីយ៍ត្រី អៀរ ប៊ុនធឿន បានមានប្រសាសន៍ថា៖ «គាត់មកយូរដែរហើយ គាត់មកត្រូវឪពុកម្ដាយគាត់ស្ដីបន្ទោសឱ្យ ពេលគាត់ទៅលេងបាល់លេងអីអ៊ីចឹងត្រូវមិត្តភក្តិគាត់ហៅ “តាព្រហ្មៗ” ដល់ពេលចឹងគាត់មានវិបត្តិផ្លូវចិត្ត តូចចិត្តគិតមិនដល់គាត់ក៏ធ្វើចឹងទៅ (ចងកសម្លាប់ខ្លួន)»។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំងបានបន្តថា គ្មាននរណាម្នាក់រើសអើងអ្នកត្រឡប់មកពីចម្ការរបស់លោក ខឹម វាសនា វិញទេ ពោលមានតែជួយពន្យល់ និងណែនាំកុំឱ្យឈប់ចាញ់បោក ឈប់ជឿតាមការអូសទាញដែលនាំឱ្យខាតពេល និងខាតបង់ទ្រព្យសម្បត្តិទៅវិញទេ។ «ខ្ញុំសុំឱ្យបងប្អូនកុំគិតខ្លី ឱ្យតែដឹងខ្លួនកែកំហុសទៅ ប្រកបរបរចិញ្ចឹមជីវិតរកស៊ីបន្តទៅទៀតទៅ កុំឱ្យគិតចឹង! ស្លាប់ហើយបានអីមកវិញ?»។ នេះជាការអំពាវនាវរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង។
បើតាមលោកឧត្ដមសេនីយ៍ត្រី អៀរ ប៊ុនធឿន អ្នកខេត្តកំពង់ឆ្នាំងប្រមាណ២១៣នាក់បានត្រលប់មកពីចម្ការលោក ខឹម វាសនា ក្នុងខេត្តសៀមរាបវិញជាបន្តបន្ទាប់ ក្រោយពីមានការពន្យល់ណែនាំពីថ្នាក់ដឹកនាំ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន២នៅថ្ងៃទី៣១ ខែសីហាថា សម្តេចនឹងមិនប្រើប្រាស់កម្លាំងក្នុងការបង្រ្កាបនូវសកម្មភាពប្រមូលផ្តុំរបស់លោក ខឹម វាសនាឡើយ ហើយសម្តេចថែមទំាងបញ្ជាឲ្យអភិបាលខេត្តសៀមរាបត្រៀមរថយន្ត និងស្បៀងអាហារសម្រាប់ដឹកជញ្ជូនពលរដ្ឋដែលគ្មានលទ្ធភាពចាកចេញពីជម្រកប្រមូលផ្តុំនោះរហូតដល់ផ្ទះសម្បែងពលរដ្ឋតែម្តង៕
សូមទស្សនាវីដេអូខាងក្រោម៖


