
រាជធានីភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចសំណេះសំណាល សួរសុខទុក្ខ ក៏ដូចជាចុះតាមដានស្ថានភាពសិទ្ធិមនុស្សនៅក្នុងមណ្ឌលអប់រំកែប្រែទី២ (ឬម២) នៃពន្ធនាគារព្រៃស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានទៅសួរសុខទុក្ខអ្នកនាង សេង ធារី ហើយលោកសង្កេតឃើញថា អ្នកនាង មានសុខភាពល្អជាធម្មតា។ អង្គភាព SBM News ចង់ដឹងពីស្ថានភាពសុខភាពរបស់អ្នកនាង ចេញពីមេធាវីរបស់អ្នកនាង តែប្រព័ន្ធទូរសព្ទរបស់មេធាវី មិនអាចហៅចូល។

កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័នមួយចំនួន បានរៀបចំកិច្ចសំណេះសំណាល សួរសុខទុក្ខ និងចុះតាមដានស្ថានភាពសិទ្ធិមនុស្សនៅក្នុងមណ្ឌលអប់រំកែប្រែទី២ ដែលរួមមាន លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក ឈន សាណាត អគ្គនាយកដ្ឋានពន្ធនាគារ។ បើតាមសេចក្ដីប្រកាសព័ត៌មាន កិច្ចសំណេះសំណាលនេះ ធ្វើឡើងដើម្បី ពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ជនជាប់ឃុំជាស្ត្រីទូទៅ និងជាពិសេសស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតាមជាមួយ ហើយក៏ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នខាងលើ ក្នុងការបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា និងស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារ ឱ្យកាន់តែប្រសើរឡើង។

តាមរយៈកិច្ចសំណេះសំណាលខាងលើ លោក កែវ រ៉េមី លើកឡើងថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ មានលក្ខណៈល្អប្រសើរ ដោយជនជាប់ឃុំទទួលបានរបបអាហារតាមការកំណត់របស់ពន្ធនាគារ ទទួលបានការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈក្នុងពេលជាប់ឃុំ មានម៉ោងសម្រាប់ហាត់ប្រាណ ទទួលបានការថែទាំជំងឺ រួមទាំងមានបណ្ណាល័យសម្រាប់អានសៀវភៅផងដែរ។
មិនតែប៉ុណ្ណោះ ក្នុងឱកាសនោះ លោក កែវ រ៉េមី ក៏បានទៅជួបសួរសុខទុក្ខអ្នកនាង សេង ធារី ជាមេធាវីខ្មែរ-អាម៉េរិក ដែលកំពុងជាប់ឃុំនៅទីនោះ។ ក្រោយបានមើលឃើញផ្ទាល់ មេសិទ្ធិមនុស្សរូបនេះ ក៏វាយតម្លៃថា អ្នកនាង សេង ធារី មានសុខភាពល្អជាធម្មតាទាំងស្មារតី និងកាយសម្បទា។ អង្គភាព SBM News នៅមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពី លោក ជូង ជូងី មេធាវីការពារក្ដីរបស់អ្នកនាង សេង ធារី បានទេ ដោយសារប្រព័ន្ធទូរសព្ទរបស់លោក មិនអាចទាក់ទងបាន។

គួរបញ្ជាក់ថា អ្នកនាង សេង ធារី ជាស្រ្តីខ្មែរដែលមានសញ្ជាតិអាម៉េរិក ហើយត្រូវបានគេស្គាល់ថាជាសកម្មជនសិទ្ធិមនុស្សម្នាក់។ អ្នកនាង ត្រូវបានឃាត់ខ្លួន កាលពីកំលុងខែមិថុនា ឆ្នាំ២០២២ ហើយបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទរួមគំនិតក្បត់ ពាក់ព័ន្ធនឹងសំណុំរឿងអតីតគណបក្សសង្រ្គោះជាតិ៕



