២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងជិត៣ពាន់លើក ហើយមូលហេតុចម្បង គឺបើកលឿន និងមិនគោរពសិទ្ធិគ្នា
S
Soriya Sou
08 មករា 2025 09:00 AM

រាជធានីភ្នំពេញ៖ ពេញមួយឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូចគោក បានកើតឡើងចំនួន២៨៤៤លើក។ បើគិតជាមធ្យមក្នុងមួយថ្ងៃៗ មានជនរងគ្រោះ៤នាក់បានស្លាប់ ខណៈមូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺការបើកលើសល្បឿន និងការមិនគោរពសិទ្ធិគ្នា។ នេះបើតាមការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។

                ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងនៅរាជធានីភ្នំពេញ (រូបតំណាង)
                ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងនៅរាជធានីភ្នំពេញ (រូបតំណាង)

តាមការបញ្ជាក់របស់លោក ផន រឹម ក្នុងចំនួនគ្រោះថ្នាក់ចរាចរណ៍សរុប២៨៤៤លើកនេះ បានបង្កឱ្យមានអ្នកស្លាប់ចំនួន១៥០៩នាក់, របួសធ្ងន់ចំនួន២២៧៣នាក់, របួសស្រាល១៤៤៧នាក់។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចំនួន ២៤៧៧នាក់។ បើប្រៀបធៀបនឹងឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ មានការថយចុះចំនួន៤៧៣លើក ស្មើ១៤ភាគរយ, អ្នកស្លាប់ថយចុះចំនួន ៨១នាក់ ស្មើ៥ភាគរយ, របួសធ្ងន់ថយចុះ៤៩៣នាក់ ស្មើ១៨ភាគរយ, របួសស្រាលថយចុះ៣០២នាក់ ស្មើ១៧ភាគរយ និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ថយចុះ ៥៩៦នាក់ ស្មើ១៩ភាគរយ។

                  លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន
                  លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន

ចំពោះមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ បើកលឿន មាន១១៥៦លើក, មិនគោរពសិទ្ធិ មាន៦៤៩លើក, មិនប្រកាន់ស្តាំ មាន២៦៨លើក, បត់គ្រោះថ្នាក់ មាន២២១លើក, និង ប្រជែងគ្រោះថ្នាក់ មាន២១៥លើក ។ល។   

              ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងនៅរាជធានីភ្នំពេញ (រូបតំណាង)
              ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងនៅរាជធានីភ្នំពេញ (រូបតំណាង)

គួរជម្រាបថា ទោះបីជាមានការថយចុះ បើធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែលោក ស សុខា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតែបង្ហាញក្ដីបារម្ភថា គ្រោះថ្នាក់នេះនឹងបន្តអូសបន្លាយក្នុងរយៈពេលវែង ហើយអាចនឹងមានកំណើនខ្ពស់បន្ថែមទៀត ប្រសិនបើកង្វះវិធានការទប់ស្កាត់ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងកង្វះការចូលរួមគោរពអនុវត្តច្បាប់ពីសំណាក់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប៕      

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត