
រដ្ឋធានីញូវដេលី៖ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក សត្យា ណាដេឡា (Satya Nadella) បានប្រកាសផែនការវិនិយោគទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌាលើហេដ្ឋារចនាសម្ព័ន្ធខ្លោដ (Cloud) និងបញ្ញាសិប្បនិម្មិត (AI) រួមទាំងការបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីក្នុងរយៈពេលពីរឆ្នាំខាងមុខ។

លោក ណាដេឡា បានលើកឡើងថា ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលមនុស្ស១០ លាននាក់ជាមួយនឹងជំនាញ AI នៅឆ្នាំ២០៣០។ លោកបានឱ្យដឹងទៀតថា ការវិនិយោគបន្ថែមចំនួន ៣ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា នឹងតំណាងឱ្យការពង្រីកដ៏ធំបំផុតតែមួយគត់នៅក្នុងតំបន់។ លោកបានថ្លែងនៅក្នុងមជ្ឈមណ្ឌលតាំងពិពណ៌ដ៏ធំនៅទីក្រុង Bengaluru ថា៖ «ប្រទេសឥណ្ឌាកំពុងក្លាយជាប្រទេសនាំមុខគេក្នុងការច្នៃប្រឌិត AI យ៉ាងឆាប់រហ័ស ដោយបើកឱកាសថ្មីនៅទូទាំងប្រទេស។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងជំនាញដែលយើងប្រកាសនៅថ្ងៃនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យប្រទេសឥណ្ឌាក្លាយជា ប្រទេសមានបច្ចេកវិទ្យា AI រីកចម្រើន ហើយធានាថាប្រជាជន និងអង្គការនានាទូទាំងប្រទេសទទួលបានអត្ថប្រយោជន៍យ៉ាងទូលំទូលាយ»។ ក្នុងរយៈពេលជិត១១ឆ្នាំក្នុងនាមជានាយកប្រតិបត្តិ លោក ណាដេឡា បានផ្លាស់ប្ដូរក្រុមហ៊ុន Microsoft ដោយផ្តោតលើសេវាកម្មខ្លោដ និង AI និងការបញ្ចូលវប្បធម៌នៃការសហការគ្នា ដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនទីពីរនៅលើពិភពលោកដែលឈានដល់៣ ទ្រីលានដុល្លារក្នុងមូលធនប័ត្រទីផ្សារ។

ការវិនិយោគរបស់ក្រុមហ៊ុន Microsoft នៅក្នុងហេដ្ឋារចនាសម្ព័ន្ធនេះ មានគោលបំណងបំពេញតម្រូវការនៃអាជីវកម្ម startup និងសហគមន៍ស្រាវជ្រាវ AI ដែលកំពុងរីកចម្រើនរបស់ប្រទេសឥណ្ឌា។ ក្រុមហ៊ុនមានមជ្ឈមណ្ឌលទិន្នន័យចំនួន៣ក្នុងប្រទេសឥណ្ឌា ហើយគ្រោងនឹងបើកដំណើរការមជ្ឈមណ្ឌលទី៤នៅឆ្នាំ២០២៦។ ផែនការរបស់ក្រុមហ៊ុនក្នុងការបំពាក់ឱ្យប្រជាជនឥណ្ឌាចំនួន ១០លាននាក់ផ្សេងទៀតជាមួយនឹងជំនាញ AI នៅឆ្នាំ២០៣០។

គួរបញ្ជាក់ថា ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសេតវិមាន និងការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌាបានប្រកាសពីការប្តេជ្ញាចិត្តជាច្រើនក្នុងការពង្រឹងភាពជាដៃគូបច្ចេកវិទ្យាជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាម៉េរិក និងឥណ្ឌា។ ការប្តេជ្ញាចិត្តរួមមានផែនការបង្កើតកិច្ចសហការថ្មីជុំវិញ AI តាមរយៈការវិនិយោគ និងការការពារពាក់ព័ន្ធនឹងបច្ចេកវិទ្យា។ ទន្ទឹមគ្នានោះ យោងតាមរបាយការណ៍ នៅក្នុងខែមិថុនាក្រុមហ៊ុន Amazon គ្រោងនឹងវិនិយោគប្រហែល ១២,៧លានដុល្លារ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធខ្លោដនៅក្នុងប្រទេសឥណ្ឌានៅចុងទសវត្សរ៍នេះ៕


