
រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានអះអាងកាលពីថ្ងៃអង្គារទី៧ ខែមករាថា តារាសម្ដែងចិនម្នាក់ដែលបានបាត់ខ្លួននៅជិតទីក្រុងព្រំដែនថៃ ត្រូវបានរកឃើញដោយសុវត្ថិភាពក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈឥឡូវនេះកំពុងស្ថិតនៅជាមួយអាជ្ញាធរថៃ ទន្ទឹមនឹងប្រតិបត្តិការស៊ើបអង្កេតកំពុងធ្វើឡើង។

លោក វ៉ាង ស៊ីង (Wang Xing) ដែលមានឈ្មោះលើឆាកថា ស៊ីង ស៊ីង (Xing Xing) បានបង្ហាញខ្លួននៅក្នុងរឿងភាគទូរទស្សន៍ចិនជាច្រើន។ តារាប្រុសវ័យ ៣១ឆ្នាំរូបនេះបានហោះទៅរាជធានីបាងកក កាលពីថ្ងៃទី៣ ខែមករាឆ្នាំ២០២៥ ក្នុងគម្រោងថតរឿងថៃ។ នេះបើយោងតាមការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ដោយមិត្តស្រីរបស់លោកឈ្មោះថា ជាជា (Jiajia)។ ជាជា បានអះអាងថា នៅពេលមិត្តប្រុសរបស់ខ្លួនទៅដល់អាកាសយានដ្ឋានសុវណ្ណភូមិប្រហែលម៉ោង ៤ទៀបភ្លឺ លោក វ៉ាង ត្រូវបានទទួលដោយមនុស្សម្នាក់ ដែលអះអាងថាជាអ្នកផលិតខ្សែភាពយន្ត។ បន្ទាប់មកលោកត្រូវបានបញ្ជូនទៅកាន់ទីក្រុងម៉ែសូត(Mae Sot) ព្រំដែនថៃដែលមានចម្ងាយប្រហែល៥០០ គីឡូម៉ែត្រ ហើយក្រោយមកលោកបានបាត់ទំនាក់ទំនងនៅម៉ោងប្រហែល១២ យប់។ ការបាត់ខ្លួនរបស់លោកបានចាប់ផ្ដើមការជជែកដេញដោលយ៉ាងក្ដៅគគុកអំពីជនជាតិចិនដែលត្រូវបានល្បួងឱ្យទៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្រោមហេតុផលនៃការងារដែលមានប្រាក់ខែខ្ពស់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ លោក សូរ៉ាវង់ ធានតុង (Sorawong Thientong) បានឱ្យដឹងថា លោក វ៉ាង បានស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទទី៦ខែមករា ហើយត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសថៃវិញកាលពីថ្ងៃអង្គារទី៧ខែមករា។
លើសពីនេះ លោកបានរៀបរាប់ក្នុងសេចក្តីអត្ថាធិប្បាយលើប្រព័ន្ធផ្សព្វផ្សាយថៃថា៖«វាជាការល្អដែលលោកត្រូវបានរកឃើញ។
រាជរដ្ឋាភិបាលថៃ
និងក្រសួងទេសចរណ៍ថៃមានកាតព្វកិច្ចក្នុងការកសាងទំនុកចិត្តក្នុងចំណោមភ្ញៀវទេសចរដែលជាន់ទឹកដីថៃ»។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន បានអះអាងថា រាជរដ្ឋាភិបាលថៃកំពុងដោះស្រាយបញ្ហានេះដោយប្រុងប្រយ័ត្នដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានណាមួយលើលើវិស័យទេសចរណ៍។

ជុំវិញបញ្ហាដ៏កក្រើក និងផ្ទុះពេញបណ្តាញសង្គមចិននេះ រដ្ឋធានីប៉េកាំងបានអំពាវនាវដល់កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ការឆបោកតាមអ៊ីនធឺណិត។ ការបាត់ខ្លួនរបស់លោក វ៉ាង បានផ្ទុះរាលដាលនៅលើបណ្តាញសង្គមចិន បន្ទាប់ពីបង្ហោះលើបណ្តាញសង្គម Weibo របស់មិត្តស្រីរបស់គាត់ ទទួលបានការចូលចិត្តជាង៥៨៦ ០០០ និងការបង្ហោះឡើងវិញចំនួន៣៥៧ ០០០ លើក ហើយទាក់ទាញការចាប់អារម្មណ៍ពីតារាចិនល្បីៗជាច្រើន។ នៅក្នុងការបង្ហោះចុងក្រោយរបស់នាងកាលពីថ្ងៃអង្គារបន្ទាប់ពីការរកឃើញរបស់លោក វ៉ាង កញ្ញា ជាជា បានចែករំលែកថានាងបានហោះហើរទៅកាន់រាជធានីបាងកកកាលពីថ្ងៃចន្ទ ហើយបច្ចុប្បន្នកំពុងទាក់ទងជាមួយអាជ្ញាធរថៃដើម្បីពន្លឿនការជួយសង្គ្រោះមិត្តប្រុសខ្លួន៕




