ចិនវាយប្រហារតាមអ៊ីនធឺណិតលើរដ្ឋាភិបាលតៃវ៉ានប្រមាណ ២លាន៤សែនដងក្នុងមួយថ្ងៃ ឆ្នាំ២០២៤
ហៀប ស៊ីថេត
06 មករា 2025 10:30 AM

ក្រុងតៃប៉ិ៖ ការិយាល័យសន្តិសុខជាតិរបស់កោះតៃវ៉ាន់ បានអះអាងថា ការវាយប្រហារតាមអ៊ីនធឺណិតរបស់ចិន លើនាយកដ្ឋានរដ្ឋាភិបាលតៃវ៉ាន់ បានកើនឡើងទ្វេដងក្នុងឆ្នាំ២០២៤ ពោលគឺរហូតដល់ជាមធ្យម២លាន៤សែនដងក្នុងមួយថ្ងៃ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តៃវ៉ាន់បានត្អូញត្អែរអំពីការយាយីដោយរដ្ឋធានីប៉េកាំង ជុំវិញលំហាត់សឹកក្រវែលកោះតៃវ៉ាន់ និងបាឡុងចារកម្មនៅជិតកោះនេះ និងការវាយប្រហារតាមអ៊ីនធឺណិត ខណៈរដ្ឋធានីប៉េកាំងបង្កើនសកម្មភាពយោធា និងនយោបាយដើម្បីដាក់សម្ពាធកោះនេះ។ បណ្តាញសេវារដ្ឋាភិបាលរបស់តៃវ៉ាន់ ឬ GSN បានរងការវាយប្រហារជាមធ្យមប្រចាំថ្ងៃចំនួន២លាន៤សែនដងកាលពីឆ្នាំមុន កើនឡើងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដោយមានចំនួន១លាន២សែននាក់។  នេះបើយោងតាមរបាយការណ៍របស់ការិយាល័យសន្តិសុខជាតិ កាលពីថ្ងៃអាទិត្យទី៥ខែធ្នូឆ្នាំ២០២៥។

ការិយាល័យសន្តិសុខជាតិតៃវ៉ាន់ បានផ្តល់ព័ត៌មានលម្អិតដ៏កម្រនៃការវាយប្រហារនេះ ដែលភាគច្រើនមានប្រភពមកពីកងកម្លាំងអ៊ីនធឺណិតរបស់ចិន ជាមួយនឹងទូរគមនាគមន៍ ការដឹកជញ្ជូន និងការការពារក្នុងចំណោមគោលដៅកំពូល។ របាយការណ៍បានបង្ហាញថា៖«ទោះបីជាការវាយប្រហារជាច្រើនត្រូវបានគេរកឃើញ និងរារាំងយ៉ាងមានប្រសិទ្ធភាពក៏ដោយ ក៏ការកើនឡើងនៃការវាយប្រហារបង្ហាញពីលក្ខណៈធ្ងន់ធ្ងរកាន់តែខ្លាំងឡើងនៃសកម្មភាពលួចចូលរបស់ប្រទេសចិន»។

របាយការណ៍បានបង្ហាញថា ចិនក៏បានកំណត់គោលដៅលើអ៊ីមែលរបស់មន្ត្រីរាជការតៃវ៉ាន់ និងបានបើកការវាយប្រហារ រួមទាំងវិស្វកម្មសង្គមក្នុងការប៉ុនប៉ងលួចព័ត៌មានសម្ងាត់ផងដែរ។ ជាចុងក្រោយ របាយការណ៍នេះបានបញ្ជាក់ថា៖«កិច្ចខិតខំប្រឹងប្រែងបែបនេះប៉ុនប៉ងរំខានដល់ប្រតិបត្តិការរបស់រដ្ឋាភិបាលតៃវ៉ាន់ ក៏ដូចជាការទទួលបានអត្ថប្រយោជន៍ក្នុងវិស័យនយោបាយ យោធា បច្ចេកវិទ្យា និងសេដ្ឋកិច្ច»។

បន្ថែមលើនេះ របាយការណ៍តៃវ៉ាន់បានបង្ហាញថា ចិនបានចាប់ផ្តើមការវាយប្រហារតាមអ៊ីនធើណេតមួយចំនួន ដែលរំខានដល់ការចូលទៅកាន់គេហទំព័រនៃស្ថាប័នដឹកជញ្ជូន និងហិរញ្ញវត្ថុរបស់កោះតៃវ៉ាន់។ យ៉ាងណាក៏ដោយ ចិនតែងតែបដិសេធជុំវិញការវាយប្រហារតាមអ៊ីនធើណេតលើកោះតៃវ៉ាន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត