
រាជធានីភ្នំពេញ៖ បន្ទាប់ពីផ្លូវក្រវាត់ព្រំដែនត្រូវបានកសាងរួចរាល់ ផ្លូវនេះនឹងក្លាយទៅជារបងការពារព្រំដែនមួយដ៏រឹងមាំ និងជាផ្លូវសរសៃឈាមដែលនឹងជួយជំរុញសេដ្ឋកិច្ចជាតិ និងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានសន្ទុះកើនឡើង ជាពិសេសនឹងលើកកម្ពស់ជីវភាពប្រជាជននៅតាមខេត្តជាប់ព្រំដែនដោយផ្ទាល់។ នេះជាការអះអាងរបស់លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មាន។

លោក មាស សុភ័ណ្ឌ បានបញ្ជាក់បន្ថែមដូច្នេះថា៖«ផ្លូវក្រវាត់ព្រំដែននេះ ក៏ជាការតភ្ជាប់មួយផ្នែកសេដ្ឋកិច្ច។ ពោលនៅពេលដែលយើងមានផ្លូវចេញចូលទៅដល់តំបន់ព្រំដែន ដូច្នេះ សេដ្ឋកិច្ចតំបន់នោះ នឹងមានការរស់រវើក ហើយនឹងក្លាយទៅជាតម្រាយផ្លូវសរសៃឈាម នៃការតភ្ជាប់សេដ្ឋកិច្ចពីតំបន់ព្រំដែន មកកាន់តំបន់នានានៅក្នុងផ្ទៃប្រទេស ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចទៅបណ្ដាប្រទេសជិតខាងកម្ពុជាផងដែរ»។

អ្នកនាំពាក្យសម្តេចនាយករដ្ឋមន្រ្តី បន្តថា ផ្លូវនេះថែមទាំងបានចូលរួមចំណែកនៅក្នុងការជំរុញនូវសក្ដានុពលកសិឧស្សាហកម្មនៅតំបន់នោះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចុះនូវគោលនយោបាយ នៅក្នុងការផ្ដល់កញ្ចប់លើកទឹកចិត្ត ទៅដល់បណ្ដាវិនិយោគទុន ដែលមានបំណងនៅក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅតំបន់ភូមិភាគឦសាន ជាពិសេសផ្ដោតលើវិស័យកសិកម្ម។ បើតាមលោក លោក មាស សុភ័ណ្ឌ មិនត្រឹមតែប្រជាពលរដ្ឋរស់នៅតំបន់ឦសានទេ ប៉ុន្តែផ្លូវនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

គួរជម្រាបថា ផ្លូវខ្សែក្រវាត់ព្រំដែនប្រវែង២៥០គីឡូម៉ែត្រ ត្រូវបានចាប់ផ្ដើមកសាងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយប្រើប្រាស់ថវិកាជិត២៧លានដុល្លារអាម៉េរិក បានមកពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន។ ផ្លូវនេះត្រូវបានធ្វើទ្បើងក្នុងខេត្តចំនួនពីរ គឺ ខេត្តមណ្ឌលគិរី ប្រវែងប្រមាណ១៤៧,៥២គីឡូម៉ែត្រ និងខេត្តរតនគិរី ប្រវែងប្រមាណ ១០២,៤៩គីឡូម៉ែត្រ ដែលត្រូវប្រើរយៈពេលកសាងប្រមាណ៣០ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧៕


