សេដ្ឋកិច្ចពិភពលោក៖ ប្រធានក្រុមហ៊ុន Microsoft លោក ប្រាដ ស្មីត បាននិយាយថា ក្រុមហ៊ុននឹងវិនិយោគប្រាក់ប្រមាណ៨០ពាន់លានដុល្លារ ចូលទៅក្នុងបញ្ញាសិប្បនិម្មិត (AI) ក្នុងឆ្នាំសារពើពន្ធនេះ។

លោក ស្មីត បានអះអាងថា AI ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្ដូរគ្រប់ទិដ្ឋភាពនៃជីវិត ហើយវាជាការចាំបាច់ដែលសហរដ្ឋអាម៉េរិក ក្លាយជាអ្នកដឹកនាំពិភពលោកជុំវិញបច្ចេកវិទ្យានេះ។ លោក ស្មីត បាននិយាយថា៖«បញ្ញាសិប្បនិមិត្ត គឺជាថាមពលនៃយុគសម័យរបស់យើង ហើយរយៈពេល៤ឆ្នាំខាងមុខ វាអាចបង្កើតមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់អាម៉េរិកសម្រាប់ត្រីមាសបន្តបន្ទាប់ទៀត។ សហរដ្ឋអាម៉េរិកត្រៀមខ្លួនជាស្រេច ដើម្បីឈរនៅជួរមុខនៃរលកបច្ចេកវិទ្យាថ្មីនេះ ជាពិសេសប្រសិនបើវាពង្រឹងលើភាពខ្លាំង និងបង្កើតភាពជាដៃគូអន្តរជាតិ»។ លោក ស្មីត បានអំពាវនាវឱ្យប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ និងសភាពង្រីកការគាំទ្រសម្រាប់ការច្នៃប្រឌិត AI ជាមួយនឹងការផ្លាស់ប្ដូរដូចជាការបង្កើនមូលនិធិសម្រាប់ការស្រាវជ្រាវនៅសាកលវិទ្យាល័យ និងមូលនិធិវិទ្យាសាស្ត្រជាតិ។

យោងតាមលោក ស្មីត ចិន និងសហរដ្ឋអាម៉េរិកកំពុងប្រកួតប្រជែងដើម្បីផ្សព្វផ្សាយប្រព័ន្ធ AI របស់ពួកគេទៅកាន់ប្រទេសផ្សេងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីក្លាយជាស្ដង់ដារជាក់ស្តែង។ លោក ស្មីត បានលើកហេតុផលថា៖ «ដោយសារធម្មជាតិនៃទីផ្សារបច្ចេកវិទ្យា និងឥទ្ធិពលបណ្តាញសក្តានុពលរបស់វា ការប្រណាំងប្រជែងរវាងសហរដ្ឋអាម៉េរិក និងចិន សម្រាប់ឥទ្ធិពលអន្តរជាតិនេះ ទំនងជានឹងត្រូវបានឈ្នះដោយអ្នកជំរុញដំបូងដែលលឿនបំផុត។ ហេតុដូច្នេះហើយ សហរដ្ឋអាម៉េរិកត្រូវការយុទ្ធសាស្ត្រអន្តរជាតិដ៏ឆ្លាតវៃ ដើម្បីគាំទ្រ AI របស់អាម៉េរិកយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក»។

មហាយក្សចិនបានចាប់ផ្តើមផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រទេសកំពុងអភិវឌ្ឍក្នុងការចូលប្រើប្រាស់បន្ទះឈីបកុំព្យូទ័រដែលខ្វះខាត និងជួយសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI ក្នុងស្រុក នេះបើយោងតាមលោក ស្មីត។ លោក ស្មីត បាននិយាយថា ចិនទទួលស្គាល់ថា ប្រសិនបើប្រទេសមួយធ្វើស្ដង់ដារលើវេទិកា AI របស់ប្រទេសចិន វាទំនងជានឹងបន្តពឹងផ្អែកលើវេទិកានោះនាពេលអនាគត។ លោកបានផ្តល់អនុសាសន៍ថា សហរដ្ឋអាម៉េរិកគួរតែផ្លាស់ទីយ៉ាងឆាប់រហ័សដើម្បីលើកកម្ពស់បច្ចេកវិទ្យា AI របស់ខ្លួនឱ្យកាន់តែប្រសើរ និងគួរឱ្យទុកចិត្តជាងមុន។ ក្រុមហ៊ុន Microsoft កំពុងបោះជំហានក្នុងការវិនិយោគប្រហែល៨០ពាន់លានដុល្លារនៅឆ្នាំនេះ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ AI បណ្តុះបណ្តាលគំរូ AI និងដាក់ពង្រាយកម្មវិធីដែលប្រើសេវាកម្ម cloud នៅជុំវិញពិភពលោក៕
