រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យបង្កើតក្រុមការងារចល័ត ពិនិត្យស្លាកលេខយានយន្តក្លែងក្លាយ
L
Linda Sorn
02 មករា 2025 09:00 AM

រាជធានីភ្នំពេញ៖ ក្រោយមើលឃើញការប្រើប្រាស់ស្លាកលេខក្លែងក្លាយ នៅតែកើតមាន លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានស្នើឱ្យមានការបង្កើតក្រុមការងារចល័តពិនិត្យស្លាកលេខតាមយានជំនិះនីមួយៗ…។

ថ្លែងក្នុង​ពិធីបិទសន្និបាតបូកសរុបការងារក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានលើកឡើងពីបញ្ហានានា ជុំវិញការប្រើប្រាស់ស្លាកលេខក្លែងក្លាយនាពេលពេលបច្ចុប្បន្ន នៅតែកើតមាន និងជាបញ្ហាស្មុគស្មាញ ដែលមិនអាចមើលឃើញនឹងភ្នែកទទេបាន។

រូបតំណាង សមត្ថកិច្ចឃាត់បានអ្នកធ្វើស្លាកលេខក្លែងក្លាយ
រូបតំណាង សមត្ថកិច្ចឃាត់បានអ្នកធ្វើស្លាកលេខក្លែងក្លាយ

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជំរុញឱ្យបង្កើតក្រុមការងារចល័តពិនិត្យស្លាកលេខយានយន្តក្លែងក្លាយ ដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍បានភ្លាមៗ និងឈានទៅដល់ការលុបបំបាត់។ លោកមានប្រសាសន៍ថា៖​«ទៅលើស្លាកលេខក្លែងក្លាយនៅតែមានទាំងម៉ូតូ មធ្យោបាយកង់២ និងកង់៤ ដូច្នេះ..ខ្ញុំសូមឱ្យយកចិត្តទុកដាក់ ហើយជាពិសេសអាចពិនិត្យក្នុងការបង្កើតក្រុមចល័តមួយ មានថេប្លេត (Tablet) ហើយមានការស្នើសុំប្រើប្រាស់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បី (Access) ទៅលើស្លាកលេខ[ឡាន]ទាំងអស់នោះ»។ 

រូបតំណាង សមត្ថកិច្ចឃាត់បានអ្នកធ្វើស្លាកលេខក្លែងក្លាយ
រូបតំណាង សមត្ថកិច្ចឃាត់បានអ្នកធ្វើស្លាកលេខក្លែងក្លាយ

លោកបន្តថា៖«មួយក្រុមអត់ច្រើនទេ ត្រឹមតែ៤-៥នាក់ មានរឿងអ្វី យើង[ឆែក]ភ្លាម ដឹងតែស្លាកលេខ ព្រោះស្លាកលេខកន្លែងខ្លះ យើងមើលអត់ដឹងទេ ព្រោះគាត់[អ្នកបើកបរ]ជាន់លេខដូចគ្នា ស្លាកលេខមួយថាបាត់ គាត់ទៅជាន់លើ[ឡាន]មួយទៀត ហើយបំពាក់លើ[ឡាន]មួយទៀត ប៉ុន្តែ[ឡាន]ហ្នឹង..អត់ត្រូវនឹងស្លាកលេខហ្នឹង!»។ ទោះជាយ៉ាងណា ជុំវិញករណីនេះ លោកក៏បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង និងបន្តការយកចិត្តទុកដាក់បន្ថែមឱ្យបានខ្ពស់បំផុត ក្នុងការពិនិត្យ តាមដាន ស្លាកលេខដែលខុសប្រក្រតី​ ហើយជាពិសេសត្រូវតែដាក់ទោសទណ្ឌឱ្យបានត្រឹមត្រូវ..៕

រូបតំណាង ស្លាកលេខរថយន្ត
រូបតំណាង ស្លាកលេខរថយន្ត
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត