
រាជធានីភ្នំពេញ៖ កងទ័ព ជាចំណែកដ៏សំខាន់មួយដែលបានចូលរួមបង្ក្រាបរាល់សកម្មភាពខុសច្បាប់នានាក្នុងប្រទេស ហើយលើសពីនេះកងទ័ពក៏បានចូលរួមលើការងារមនុស្សធម៌ និងរក្សាសន្តិសុខនៅបរទេសដែលធ្វើឱ្យកម្ពុជាកាន់តែល្បីឈ្មោះលើឆាកអន្តរជាតិ…។

តាមរយៈសារជូនពររបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កងទ័ព បានចូលរួមអនុវត្តភារកិច្ចអន្តរជាតិលើវិស័យ មនុស្សធម៌ និងការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ ដែលជាមោទកភាពរបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាធ្វើឱ្យកិត្យានុភាពជាតិកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។ ក្នុងនោះ ក្រៅពីការងារមនុស្សធម៌ និងរក្សាសន្តិសុខនៅបរទេស កងយោធពលខេមរភូមិន្ទ បានរួមចំណែកយ៉ាងសកម្មអនុវត្តការបង្ក្រាបសកម្មភាពខុសច្បាប់នានា ជាពិសេសបានសហការទប់ស្កាត់រាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ទប់ស្កាត់ការញុះញង់បំផុសបំផុលបង្កចលាចល តាមគ្រប់រូបភាព ព្រមទាំងបានបង្ក្រាបអំពើឃាតកម្ម, ចោរកម្មឆក់-ប្លន់, ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន, ការជួញដូរមនុស្ស, ការជួញដូរអាវុធបទល្មើសធនធានធម្មជាតិនានា, និងអំពើគេចពន្ធជាដើម។

សារជូនពរដដែលបានឱ្យដឹងថា កងទ័ពក៏បានរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ, កសាងហេដ្ឋារចនាសម្ព័ន្ធ, ប្រព័ន្ធធារាសាស្ដ្រដាំកូនឈើ និងការពារព្រៃឈើ, បរិស្ថាន, សត្វព្រៃ, ដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ, រំដោះដីស្រែជូនប្រជាពលរដ្ឋជួយបង្កបង្កើនផល, សង្គ្រោះប្រជាជនពីគ្រោះធម្មជាតិ, និងគ្រោះមហន្តរាយនានា, ព្រមទាំងបានអនុវត្តវិធានការគន្លឹះក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងផ្សេងៗ។ គួរឱ្យដឹងដែរថា កងកម្លាំងមួកខៀវរបស់កម្ពុជាដែលឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅក្រៅប្រទេសក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិមានចំនួនជិត១ម៉ឺននាក់៕






