
តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈីងតេ បានអះអាងនៅថ្ងៃពុធទី១ ខែមករា ឆ្នាំ២០២៥នេះថា លោកស្វាគមន៍ចំពោះការផ្លាស់ប្ដូររដោយស្មើភាព សេចក្តីថ្លៃថ្នូរ ទំនាក់ទំនងល្អ និងសណ្តាប់ធ្នាប់ជាមួយប្រទេសចិន ខណៈរដ្ឋធានីប៉េកាំង និងក្រុងតៃប៉ិប៉ះទង្គិចគ្នាលើបញ្ហារាប់សិបជំពូក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចូលឆ្នាំសកលលោក ឡៃ បានលើកឡើងថា ចិនកំពុងរារាំងអន្តរកម្មធម្មតាជាមួយនឹងការរឹតត្បិតលើភ្ញៀវទេសចរចិនដែលមកទស្សនា ឬនិស្សិតដែលកំពុងសិក្សានៅលើកោះនេះ ខណៈការហាមឃាត់ស្រដៀងគ្នានេះមិនអនុវត្តចំពោះជនជាតិតៃវ៉ាន់ដែលទៅប្រទេសចិននោះទេ។ លោកបានបន្ថែមថា៖«ប៉ុន្តែខ្ញុំនៅតែចង់សង្កត់ធ្ងន់លើរឿងនេះ ដោយតៃវ៉ាន់សង្ឃឹមថានឹងមានការផ្លាស់ប្ដូររដោយស្មើភាព និងសណ្តាប់ធ្នាប់ជាមួយចិន ក្រោមគោលការណ៍នៃការផ្លាស់ប្ដូរគ្នាទៅវិញទៅមក និងសេចក្តីថ្លៃថ្នូរ»។ លោកបន្ថែមថា៖«[..]ខ្ញុំពិតជាសង្ឃឹមថា ក្នុងឆ្នាំថ្មីនេះ ប្រទេសប្រជាធិបតេយ្យអាចរួបរួមគ្នាកាន់តែច្រើន និងសម្រេចបាននូវគោលបំណងសន្តិភាព ប្រជាធិបតេយ្យ និងវិបុលភាព»។

ផ្ទុយស្រឡះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអះអាងនៅក្នុងសុន្ទរកថា ឆ្នាំថ្មីនេះ គ្មាននរណាម្នាក់អាចបញ្ឈប់ការបង្រួបបង្រួមរបស់ចិនជាមួយតៃវ៉ាន់បាននោះទេ។ មែនទែនទៅ តៃវ៉ាន់ និងចិនបានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមកម្ដងហើយម្ដងទៀតអំពីទេសចរណ៍ និងការរឹតបន្តឹងការធ្វើដំណើរ។ គួរបញ្ជាក់ថា លោក ឡៃ បានផ្តល់កិច្ចពិភាក្សាជាទៀងទាត់ជាមួយមហាយក្សចិន ប៉ុន្តែត្រូវបានបដិសេធ ដោយចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយបានចាត់ទុកលោកឡៃថាជាអ្នក «អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់»៕




