
រដ្ឋធានីប្រ៊ុចសែល៖ ច្បាប់របស់សហភាពអឺរ៉ុបដែលតម្រូវឱ្យស្មាតហ្វូន ថេប្លេត និងកាមេរ៉ាថ្មីទាំងអស់ប្រើខ្សែសាក USB-C (Type-C) ដូចគ្នា បានចូលជាធរមានកាលពីថ្ងៃសៅរ៍ទី២៨ ខែធ្នូ នៅក្នុងការផ្លាស់ប្ដូរមួយដែលរដ្ឋធានីប្រ៊ុចសែលបានអះអាងថានឹងកាត់បន្ថយការចំណាយ និងការខ្ជះខ្ជាយ។

ឥឡូវនេះក្រុមហ៊ុនផលិតមានកាតព្វកិច្ចបំពាក់ឧបករណ៍ដែលលក់ក្នុងប្លុក២៧ប្រទេស ជាមួយនឹង USB-C (Type-C) ជាខ្សែសាកថ្មដែលត្រូវបានជ្រើសរើសដោយសហភាពអឺរ៉ុបជាស្ដង់ដារទូទៅសម្រាប់ការសាកឧបករណ៍អេឡិចត្រូនិក។ សភាសហភាពអឺរ៉ុបបានរាយរាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖ «ចាប់ពីថ្ងៃនេះតទៅ ទូរសព្ទចល័ត ថេប្លេត កាមេរ៉ាឌីជីថល កាសស្តាប់ ឧបករណ៍បំពងសំឡេង ក្តារចុច និងគ្រឿងអេឡិចត្រូនិកជាច្រើនទៀតដែលលក់ក្នុងសហភាពអឺរ៉ុប នឹងត្រូវបំពាក់ដោយរន្ធសាក USB Type-C»។ សហភាពអឺរ៉ុបអះអាងថា ច្បាប់ខ្សែសាករួមនេះនឹងសម្រួលដល់ការរស់នៅរបស់ប្រជាជនអឺរ៉ុប និងកាត់បន្ថយការចំណាយសម្រាប់អ្នកប្រើប្រាស់។

ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញឧបករណ៍ថ្មីដោយគ្មានឆ្នាំងសាកថ្មី វាក៏នឹងកាត់បន្ថយចំនួនឆ្នាំងសាកដែលលែងប្រើផងដែរ។ ច្បាប់នេះត្រូវបានអនុម័តជាលើកដំបូងក្នុងឆ្នាំ២០២២ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Apple ។ វាអនុញ្ញាតឱ្យក្រុមហ៊ុននានាធ្វើការសម្របខ្លួននឹងច្បាប់ថ្មីនេះ រហូតដល់ថ្ងៃទី២៨ខែធ្នូឆ្នាំនេះ។ អ្នកផលិតកុំព្យូទ័រយួរដៃនឹងមានពេលបន្ថែមចាប់ពីដើមឆ្នាំ២០២៦ ដើម្បីបំពេញតាមច្បាប់នេះផងដែរ។ ឧបករណ៍ភាគច្រើនប្រើរន្ធសាកថ្មីទាំងនេះរួចហើយ ប៉ុន្តែ Apple មានការស្ទាក់ស្ទើរបន្តិច។ ក្រុមហ៊ុនបានលើកឡើងនៅក្នុងឆ្នាំ២០២១ ថា បទប្បញ្ញត្តិបែបនេះរារាំងការច្នៃប្រឌិត ប៉ុន្តែមកដល់ខែកញ្ញាឆ្នាំមុន ក្រុមហ៊ុនបច្ចេកវិទ្យានេះបានចាប់ផ្ដើមដឹកជញ្ជូនទូរសព្ទជាមួយនឹងរន្ធសាកថ្មថ្មី។

អ្នកផលិតទំនិញប្រើប្រាស់អេឡិចត្រូនិកនៅអឺរ៉ុបបានយល់ព្រមលើបទដ្ឋានរន្ធសាកថ្មតែមួយនៅលើទីផ្សារកាលពីមួយទសវត្សរ៍មុន ក្រោមកិច្ចព្រមព្រៀងស្ម័គ្រចិត្តជាមួយគណៈកម្មការអឺរ៉ុប។ ប៉ុន្តែ Apple ដែលជាអ្នកលក់ស្មាតហ្វូនធំជាងគេលើពិភពលោកបានបដិសេធមិនគោរពតាម ហើយបោះបង់រន្ធ Lightning របស់ខ្លួន។ ខ្សែសាក USB-C អាចសាកបានរហូតដល់១០០វ៉ាត់ ផ្ទេរទិន្នន័យរហូតដល់៤០ជីហ្គាបៃក្នុងមួយវិនាទី និងអាចប្រើប្រាស់ដើម្បីភ្ជាប់ទៅឧបករណ៍អេឡិចត្រូនិចដទៃទៀត។ នៅពេលអនុម័ត គណៈកម្មការនេះបានបញ្ជាក់ថា ច្បាប់នេះត្រូវបានគេរំពឹងថានឹងសន្សំបានយ៉ាងហោចណាស់២០០លានអឺរ៉ូ ឬប្រមាណ ២០៨លានដុល្លារក្នុងមួយឆ្នាំ និងកាត់បន្ថយកាកសំណល់អេឡិចត្រូនិចរបស់សហភាពអឺរ៉ុបជាងមួយពាន់តោនជារៀងរាល់ឆ្នាំ៕



