
រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានក្រើនរំឭកដល់សាធារណជន ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹក ត្រូវបន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានស្លាកសញ្ញាបង្ហាញ នៅពេលធ្វើដំណើរដល់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)..។

តាមក្រសួង គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ភាគខាងលិច ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯមនៃភូមិសាស្ត្រខេត្តកណ្តាល បានចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៨។ ហេតុនេះ ក្រសួងថា ក្នុងអំឡុងពេលនៃការសាងសង់ផ្លូវនាវាចរណ៍នៅតំបន់ការដ្ឋាន នឹងមានការរួមតូចដែលអាចរំខានដល់ការធ្វើនាវាចរណ៍ផ្សេងៗ។ ដូច្នេះ ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ត្រូវរក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅរដូវវស្សាដែលមានចរន្តទឹកហូរ និងគួចខ្លាំង ដើម្បីចៀសវាងហានិភ័យនៃការប៉ះទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតការដ្ឋានសាងសង់។

ជាមួយគ្នានោះ ភាគីពាក់ព័ន្ធត្រូវផ្តល់អាទិភាពដល់នាវារបស់ការដ្ឋានសាងសង់ អនុវត្តតាមការផ្ដល់សញ្ញា និងការណែនាំពីបុគ្គលិកការដ្ឋានសាងសង់ ហើយគ្រប់នាវាដែលធ្វើដំណើរឆ្លងកាត់តំបន់សាងសង់ ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំងដែលបានកំណត់។ក្រៅតែពីចំណុចត្រូវប្រុងប្រយ័ត្ន ក្រសួងក៏បានប្រាប់ពីវិធានការមួយចំនួនដែលត្រូវហាមឃាត់សម្រាប់ការធ្វើនាវាចរណ៍រួមមាន៖ មិនអនុញ្ញាតឱ្យនាវាបោះយុថ្កាឈប់សំចត ឬស្នាក់នៅក្នុងចម្ងាយ៥០០ម៉ែត្រពីការដ្ឋានសាងសង់។ ហាមបើកបរវ៉ាជែងគ្នាប្រើប្រាស់ល្បឿនលឿនបណ្តាលឱ្យមានរលកខ្លាំង និងត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាចម្ងាយ ៥០០ម៉ែត្រ ក្នុងករណីធ្វើនាវាចរណ៍បញ្ច្រាស់ចរន្តទឹកហូរ និង១ពាន់ម៉ែត្រ ក្នុងករណីធ្វើនាវាចរណ៍ស្របតាមចរន្តទឹកហូរ។

សូមជម្រាបថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) ស្ថិតនៅភាគអាគ្នយ៍រាជធានីភ្នំពេញ តភ្ជាប់ទៅត្រើយខាងលិច នៃមហាវិថី ស៊ី ជីនពីង និងត្រើយខាងកើតជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាប្រភេទស្ពានបេតុង មានប្រវែងសរុប ៣៧០០ម៉ែត្រ។ សម្រាប់តួស្ពានមានប្រវែងសរុប១៦០០ម៉ែត្រ ទទឹង២៦ម៉ែត្រ មានស្ពានអាកាសរំលងផ្លូវជាតិលេខ១ប្រវែង ១២០ម៉ែត្រ។ ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ ប្រើប្រាស់ថវិកាក្រោមក្របខណ្ឌមូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិឌ្ឍន៍ ទទួលបន្ទុកសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)៕




