ក្រុមការងារកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន​ បង្ហាញវឌ្ឍនភាពនៃលទ្ធផលការងារ ជូនម្ចាស់មូលនិធិក្នុងមហាគ្រួសារខ្មែរ
S
Sreyleak Yith
27 ធ្នូ 2024 09:49 AM

រាជធានីភ្នំពេញ៖​​ ក្រុមការងារកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន​ នាព្រឹកថ្ងៃទី២៧​​ ខែធ្នូ ឆ្នាំ២០២៤​​​ បានបង្ហាញវឌ្ឍនភាពនៃការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន របស់ពលរដ្ឋទូទាំងប្រទេសដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន គិតមកត្រឹមថ្ងៃទី២៧នេះ ក្រុមការងារបានសម្រេចលទ្ធផលការងារសំខាន់ៗមួយចំនួនធំ…។

លទ្ធផលការងារដែលសម្រេចបានរួមមាន៖​​ ការងារបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីទំហំ​​ ១ ៤៦២ ៥០០ម៉ែត្រការ៉េ ដោយក្នុងនោះនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីសម្រេចបានផ្ទៃដីទំហំ ១ ២២៥ ០០០ម៉ែត្រការ៉េ និងនៅក្នុងភូមិសាស្ត្រខេត្តរតនគិរីសម្រេចបានផ្ទៃដីទំហំ ២៣៧ ៥០០ម៉ែត្រការ៉េ​​ ជាលទ្ធផលក្នុងការរាវរក គឺបានរកឃើញគ្រាប់គ្រប់ប្រភេទចំនួន២៣គ្រាប់ ក្នុងនោះមានគ្រាប់ប្រភេទប៊ុមប៊ី ឬគ្រាប់បែកចង្កោមចំនួន៦គ្រាប់។ ចំពោះមុខកម្លាំងជំនាញនៃបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បាននិងកំពុងបន្តរាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមគោលដៅការដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់។​​ ចំពោះការឈូសឆាយបើកមុខទទឹង៥ម៉ែត្រសម្រាប់រកផ្លូវខ្សែដំបូងសម្រេចបានប្រវែង៥៨,៥គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង៤៩គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង៩,៥គីឡូម៉ែត្រ)។

​​ឈូសផ្លូវទទឹង២០ម៉ែត្រសម្រាប់រកអ័ក្សផ្លូវលុបជ្រលងអូរបន្ទាបចំណោទភ្នំបានប្រវែង៣៦,៦០គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី ចំនួនប្រវែង២៧,៩០គីឡូម៉ែត្រ, ខេត្តរតនគិរី ប្រវែង៨,៧គីឡូម៉ែត្រ)។ ធ្វើប្រឡាយបានប្រវែង៣០,២០គីឡូម៉ែត្រ(ខេត្តមណ្ឌលគិរីបានប្រវែង២២,៦០គីឡូម៉ែត្រ, ខេត្តរតនគិរី បានប្រវែង៧,៦០គីឡូម៉ែត្រ)។​​ កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំបានប្រវែង២៥គីឡូម៉ែត្រ(ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង២២គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង៣គីឡូម៉ែត្រ)។ ក្រាលល្បាយកម្ទេចថ្មស្ថាពរបានប្រវែង១០,២០គីឡូម៉ែត្រ​នៅខេត្តមណ្ឌលគិរី។ ដោយទ្បែកចំពោះលទ្ធផលការងារគ្រប់គ្រងមូលនិធិនោះគឺបិទដំណើរការទាំងស្រុងនូវគណនីធនាគារផ្សេងៗដែលទទួលថវិកាមូលនិធិ និងរៀបចំរក្សាទុកកញ្ចប់ថវិកាមូលនិធិក្នុងគណនីធនាគារប្រកបដោយសុវត្ថិភាព និងមានគណនេយ្យភាពត្រឹមត្រូវ។​​

បង្កើតនូវរបៀបរបបការងារប្រតិបត្តិសម្រាប់កិច្ចការហិរញ្ញវត្ថុ​​ ក្នុងដំណើរការគ្រប់គ្រងមូលនិធិសំដៅធានាដល់ការគ្រប់គ្រងថវិកាមូលនិធិឱ្យបានត្រឹមត្រូវ, មានការទទួលខុសត្រូវខ្ពស់, ប្រសិទ្ធភាព, តម្លាភាព, និងសន្សំសំចៃ, ជាការឆ្លើយតបនឹងសេចក្តីទុកចិត្តដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល និងសមានចិត្តប្រជាពលរដ្ឋ ដែលបានចូលរួមបរិច្ចាគនៅក្នុងមូលនិធិ។​​ សូមជម្រាបថា កាលពី​ថ្ងៃទី​៣០ ខែ​តុលា រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​សម្រេច​មួយ​ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែនដោយ​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន។ ក្នុងនោះបាន​តែងតាំង​សមាសភាព​ចំនួន១០​នាក់ ដែល​ហៅ​កាត់​ថា «ក.គ.ម.» និង​បែងចែក​ទៅ​ជា៣​ក្រុមគឺ​ក្រុម​ការងារ​រដ្ឋបាល និង​ហិរញ្ញវត្ថុ, ក្រុម​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ, និង​ក្រុម​ការងារ​ទំនាក់ទំនង​សាធារណៈ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត