
រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃអាទិត្យបានចេញសេចក្តីជូនដំណឹងដោយសម្រេចបិទបញ្ចប់ទទួលការចូលរួមបរិច្ចាគ ឬវិភាគទានដោយស្ម័គ្រចិត្តនៃ«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ពីសាធារណជនចាប់ពីចុងខែតុលា ឆ្នាំ២០២៤ នេះតទៅ...។

តាមសេចក្តីជូនដំណឹងស្តីពី«ការបិទបញ្ចប់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បានឱ្យដឹងថា ការបរិច្ចាគ ឬវិភាគទានដោយស្ម័គ្រចិត្តតាមរយៈ«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» របស់សាធារណជនចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននឹងបិទបញ្ចប់ការទទួលចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ខាងមុខតទៅ។ អាស្រ័យដូចនេះ សាធារណជនទាំងក្នុង និងក្រៅប្រទេស សូមជ្រាបជាព័ត៌មាន និងប្រសិនក្នុងករណីមានបំណងចង់ចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» អាចបន្តបរិច្ចាគដោយផ្ទាល់ទៅកាន់គណនីធនាគាររបស់មូលនិធិឱ្យបានមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ មានបងប្អូនជនរួមជាតិប្រមាណជិត៧០ម៉ឺនអង្គ/នាក់ ចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តយ៉ាងផុលផុស ដោយសរុបបានជាទឹកប្រាក់ប្រមាណជាង២៦លានដុល្លារអាម៉េរិក ដោយវិភាគទានស្ម័គ្រចិត្តទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគថវិកាបន្ថែម ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ក្រោយមានការតវ៉ា និងប្រតិកម្មពីសំណាក់ប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស ពាក់ព័ន្ធទៅនឹងក្ដីបារម្ភអំពីការបាត់បង់ទឹកដីតាមរយៈគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ ហៅកាត់ថា (CLV)៕



