រាជរដ្ឋាភិបាល បង្កើតក្រុមការងារគ្រប់គ្រងថវិកាកសាងតាមព្រំដែន ដែលប្រមូលបាន «ជិត២៧លានដុល្លារ»
Mao Sopha
01 វិច្ឆិកា 2024 10:00 AM

រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្កើត «ក្រុមការងារគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បន្ទាប់ពីមូលនិធិនេះ បិទបញ្ចប់ទាំងស្រុង ដោយឈប់ទទួលការបរិច្ចាគថវិកាពីមហាជនបន្តទៀត នៅត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ រយៈពេល៦៦ថ្ងៃ ដោយគិតពីការបើកទទួល នៅថ្ងៃ២៦សីហា រហូតដល់ការបិទទទួល នៅថ្ងៃ៣១តុលា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ទទួលបានថវិកាសរុបជិត២៧លានដុល្លារ ដោយមានអ្នកបរិច្ចាគជាង៧,២សែន អង្គ/នាក់

សម្តេច ហ៊ុន ម៉ាណែត ចុះពិនិត្យមើលតាមព្រំដែន កាលពីកក្កដា ឆ្នាំ២០២៤។ 
សម្តេច ហ៊ុន ម៉ាណែត ចុះពិនិត្យមើលតាមព្រំដែន កាលពីកក្កដា ឆ្នាំ២០២៤។ 

យោងតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ក្រុមការងារគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន មានភារកិច្ចចម្បងៗមួយចំនួន រួមមាន៖ ទី១ គ្រប់គ្រង និងចាត់ចែងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ទី២ សិក្សា និងលើកយោបល់ពាក់ព័ន្ធការកសាងផ្លូវក្រវាត់ព្រំដែន ទី៣ រៀបចំផែនការ និងសកម្មភាព ដើម្បីអនុវត្តការកសាងផ្លូវក្រវាត់ព្រំដែន ទី៤ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃកិច្ចដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ទី៥ រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ជូននាយករដ្ឋមន្ត្រី ។ល។ លោកនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងជាប្រធានក្រុមការងារនេះ។

រូបលោកនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន ពីគេហទំព័រ CPP
រូបលោកនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន ពីគេហទំព័រ CPP

សម្តេច ហ៊ុន ម៉ាណែត បង្ហោះលើគណនីហ្វេសប៊ុកថា នៅថ្ងៃ១វិច្ឆិកានេះ ក្រុមការងារដែលទើបនឹងត្រូវបានបង្កើតឡើង នឹងធ្វើសន្និសីទកាសែត ដើម្បីបង្ហាញអំពីផែនការលម្អិតពីការប្រើប្រាស់ថវិកាមូលនិធិសម្រាប់កសាងផ្លូវក្រវាត់ព្រំដែន។ សម្តេចបានហៅការបរិច្ចាគថវិកាពីសាធារណជននេះ ថាជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបាន ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តស្នេហាជាតិផងដែរ៕

ប្រជាជនធ្វើដំណើរកម្សាន្ត តាមព្រំដែន ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា។ 
ប្រជាជនធ្វើដំណើរកម្សាន្ត តាមព្រំដែន ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត