នាយករដ្ឋមន្រ្តី៖«ចូល១០០រៀល ឬជាង១លានដុល្លារ ទឹកចិត្តស្រឡាញ់ជាតិស្មើគ្នា»
Mao Sopha
05 កញ្ញា 2024 06:00 PM

ការចូលរួមថវិកាជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គឺជារឿងសំខាន់ហើយ ប៉ុន្តែអ្វីដែលសំខាន់មួយទៀតនៅក្នុងចិត្តថ្នាក់ដឹកនាំប្រទេស គឺទឹកចិត្តប្រជាជន។ សម្រាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការបរិច្ចាគថវិការបស់ប្រជាជន គឺជាសកម្មភាពជាក់ស្តែង ដែលសបញ្ជាក់ពីការស្រឡាញ់ជាតិ ហើយបើទោះបីជាចំនួនថវិកា មានទំហំខុសគ្នាឆ្ងាយណាក្តី តែទំហំទឹកចិត្តចំពោះជាតិ មិនខុសគ្នាឡើយ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមមេធាវី នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ យ៉ាងដូច្នេះថា៖«[..] មិនថា១០០រៀល ឬជាង១លានដុល្លារនោះទេ តម្លៃស្មើគ្នា។ លទ្ធភាពខុសគ្នា ប៉ុន្តែទឹកចិត្តនៃការស្រឡាញ់ជាតិគឺស្មើគ្នា»។ សម្តេចលើកឡើងទៀតថា ការការពារទឹកដី មិនមែនគ្រាន់តែបញ្ចេញកង្វល់នោះទេ តែត្រូវធ្វើសកម្មភាពជាក់ស្តែង ដែលសម្តេចចង់សំដៅលើការចូលរួមបរិច្ចាគថវិកានេះឯង។ សម្តេច ចាត់ទុកសកម្មភាពជាក់ស្តែងនេះ ថាជាស្មារតីរួមដែលមានចំពោះទឹកដី។

បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងខែសីហា ឆ្នាំ២០២៤ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសាធារណជនទូទៅ ក៏នាំគ្នាបាញ់ថវិកាតាមប្រព័ន្ធធនាគារចូលទៅក្នុងមូលនិធិនេះ។ មូលនិធិនេះ ផ្តោតសំខាន់លើការកសាងផ្លូវក្រវាត់ព្រំដែន។ អ្នកចូលថវិកា សុទ្ធតែទទួលបានលិខិតថ្លែងអំណរគុណពីសម្តេចនាយករដ្ឋមន្រ្តីទាំងអស់គ្នា ទោះបីចូលត្រឹម១០០លុយខ្មែរក្តី។

បើតាមការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមប្រាក់បម្រុងជាង២០០លានដុល្លារ ដើម្បីកសាងផ្លូវក្រវាត់ព្រំដែនប្រវែង១៣០០គីឡូម៉ែត្រទៀតដែលនៅសល់ ឱ្យចប់ស្រេចបាច់ក្នុងរយៈពេល១០ឆ្នាំ ខណៈផ្លូវក្រវាត់ព្រំដែន១៣០០គីឡូម៉ែត្រ ត្រូវបានកសាងរួចរាល់មកហើយ។ ផ្លូវក្រវាត់ព្រំដែនដែលស្ថិតក្នុងផែនការកសាងរបស់រាជរដ្ឋាភិបាលកម្ពុជា មានប្រវែងសរុប២៦៦០គីឡូម៉ែត្រ៕    

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត