តុលាការមិនឱ្យលោក ស៊ុន ចន្ធី បោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត «អស់មួយជីវិត»
Mao Sopha
26 ធ្នូ 2024 10:00 AM

រាជធានីភ្នំពេញ៖ លោក ស៊ុន ចន្ធី អតីតប្រធានគណបក្សកម្លាំងជាតិ ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចដាក់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ហើយថែមទាំងដកសិទ្ធិបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតជាស្ថាពរ ពីលោកទៀតផង។ នេះបើតាមព័ត៌មានដែលលោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការភ្នំពេញ ផ្ញើមកកាន់អង្គភាព SBM News តាមតេឡេក្រាម។ តុលាការភ្នំពេញ បានប្រកាសសាលក្រមអំពីការដាក់ទោសលើលោក ស៊ុន ចន្ធី នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយគ្មានវត្តមានរបស់លោក និងមានតែវត្តមានមេធាវីរបស់លោកប៉ុណ្ណោះ គឺលោកមេធាវី ជូង ជូងី។

រូបលោក ស៊ុន ចន្ធី ពីហ្វេសប៊ុកគណបក្សកម្លាំងជាតិ
រូបលោក ស៊ុន ចន្ធី ពីហ្វេសប៊ុកគណបក្សកម្លាំងជាតិ

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ពន្យល់ថា ការដកសិទ្ធិបោះឆ្នោត និងការដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតជាស្ថាពរ មានន័យថា លោក ស៊ុន ចន្ធី នឹងលែងមានសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតជារៀងរហូត ឬអស់មួយជីវិត។ អ្នកនាំពាក្យរូបនេះ អះអាងយ៉ាងដូច្នេះថា៖«បើតុលាការសម្រេចយ៉ាងហ្នឹងហើយ គ.ជ.ប. នឹងអនុវត្តតាមហ្នឹងឯង។ សិទ្ធិបោះឆ្នោតរបស់គាត់ មិនត្រូវបានអនុញ្ញាត ហើយ គ.ជ.ប. នឹងឃ្លាំមើល..»

រូបលោក ហង់ ពុទ្ធា ពីគ.ជ.ប
រូបលោក ហង់ ពុទ្ធា ពីគ.ជ.ប

លោកមេធាវី ជូង ជូងី បញ្ជាក់ថា លោក នឹងទៅនឹងជួបលោក ស៊ុន ចន្ធី ជាកូនក្ដីក្នុងពន្ធនាគារ ដើម្បីសួរពីការសម្រេចចិត្ត ថាតើនឹងប្តឹងតវ៉ាទៅកាន់តុលាការជាន់ខ្ពស់ដែរឬទេ? ចំណែក លោក ជា មុនី ដែលគណបក្សកម្លាំងជាតិជ្រើសរើសឱ្យធ្វើជាប្រធាន ក្រោយលោក ស៊ុន ចន្ធី ជាប់ពន្ធនាគារ ថ្លែងថា គណបក្សកម្លាំងជាតិ តែងគិតគូរ និងឃ្លាំមើលទៅលើការចាប់អ្នកទោសនយោបាយដាក់ពន្ធនាគារ មិនមែនតែករណីលោក ស៊ុន ចន្ធី នោះទេ។ លោកបន្តថា គណបក្សកម្លាំងជាតិ ក៏តែងតាមមើលផងដែរ ដើម្បីដឹងថា តើតុលាការ សំអាងលើច្បាប់មួយណា ក្នុងការកាត់ទោសលើអ្នកនយោបាយ? លោក ហង្ស ពុទ្ធា លោក ជូង ជូងី និងលោក ជា មុនី សុទ្ធតែផ្តល់បទសម្ភាសដល់ SBM News តាមទូរសព្ទដូចគ្នា។

លោកមេធាវី ជូង ជូងី និងលោកប្រធានបក្ស ជា មុនី (រូបពីហ្វេសប៊ុក៖ គណបក្សកម្លាំងជាតិ ខេត្តកណ្តាល)
លោកមេធាវី ជូង ជូងី និងលោកប្រធានបក្ស ជា មុនី (រូបពីហ្វេសប៊ុក៖ គណបក្សកម្លាំងជាតិ ខេត្តកណ្តាល)

ក្រោយចេញពីតុលាការ លោកមេធាវី ជូង ជូងី ប្រាប់អ្នកកាសែតថា អង្គហេតុ ដែលនាំឱ្យ លោក ស៊ុន ចន្ធី ជាប់ទោសក្រោមបទញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម មានពីរ គឺ អង្គហេតុទីមួយ លោកបញ្ចេញមតិអំពីការចែកបណ្ណក្រីក្រមិនត្រឹមត្រូវ និងអង្គហេតុទីពីរ លោកបញ្ចេញមតិអំពីការសង់ស្ពានឆ្លងផ្លូវនៅស្រុកខ្មែរ ខុសពីនៅប្រទេសជប៉ុន។ អតីតប្រធានគណបក្សកម្លាំងជាតិរូបនេះ ត្រូវបានចាប់ខ្លួនកាលពីអំឡុងខែឧសភា ឆ្នាំ២០២៤។  

អគារសាលាយុត្តិធម្ម ដែលមានសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ នៅជាមួយគ្នា
អគារសាលាយុត្តិធម្ម ដែលមានសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ នៅជាមួយគ្នា

ក្រោយចេញពីពន្ធនាគារ លោក ស៊ុន ចន្ធី នឹងមានសិទ្ធិដូចប្រជាពលរដ្ឋទូទៅឡើងវិញ លើកលែងតែសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដែលលោកត្រូវបានបាត់បង់រហូត។ មិនមែនតែលោក ស៊ុន ចន្ធី ឡើយ កន្លងមក លោក សម រង្ស៊ី មេដឹកនាំកំពូលរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស រួមមាន៖ ថ្នាក់ដឹកនាំមួយចំនួនទៀតរបស់លោក ដូចជា លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង, លោក ម៉ែន សុថាវរិន្រ្ទ, លោក ហូរ វ៉ាន់, និងលោក ឡុង រី ជាដើម ក៏ត្រូវតុលាការកម្ពុជា ដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតអស់មួយជីវិតដែរ៕

លោក សម រង្ស៊ី (ឈរនៅស្តាំដៃលោកស្រី មូរ សុខហួរ) និងសហការីរបស់លោក 
លោក សម រង្ស៊ី (ឈរនៅស្តាំដៃលោកស្រី មូរ សុខហួរ) និងសហការីរបស់លោក 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត