អតីតប្រធានមេធាវី​​ លោក លី ច័ន្ទតុលា​ ដែលទើបទទួលតំណែងជារដ្ឋលេខាធិការ ឥឡូវបានតំណែងដ៏សំខាន់មួយបន្ថែមទៀត
S
Sreyleak Yith
26 ធ្នូ 2024 03:00 AM

រាជធានីភ្នំពេញ៖​​ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងអតីតប្រធានមេធាវី លោក​​ លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី...។​​ 

យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ចុះថ្ងៃទី២៤​​ធ្នូ ​ឆ្នាំ២០២៤​ គូសបញ្ជាក់ថា ទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងមន្ត្រីច្បាប់២រូប និងផ្តល់ឋានៈថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ ដែលរួមមាន៖ លោក លី ច័ន្ទតុលា ជាអគ្គលេខាធិការ មានឋានៈស្មើទេសរដ្ឋមន្ត្រី​​ ​និងលោក ប៉ែន ប៊ុនឈា ជាអគ្គលេខាធិការរង មានឋានៈស្មើរដ្ឋលេខាធិការ។

សូមរំឭកផងដែរថា​ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះមហាក្សត្រ ទ្រង់ក៏ធ្លាប់បានត្រាស់បង្គាប់តែងតាំង លោក លី ច័ន្ទតុលា ជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី។​​ តើលោក លី ច័ន្ទតុលា មានប្រវត្តិរូប និងចំណេះដឹងបែបណាខ្លះ ទើបអាចឡើងតំណែងជាបន្តបន្ទាប់ត្រឹមតែរយៈពេលប៉ុន្មានខែនោះ? លោក​​ លី ច័ន្ទតុលា ​បានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងឆ្នាំ១៩៩៩ និងបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់១បន្ថែមទៀតនៅសាកលវិទ្យាល័យ លុយមីយែ លីយ៉ុង ២ (LUMIERE LYON 2) ប្រទេសបារាំង ក្នុងឆ្នាំ២០០០​។​​ នៅឆ្នាំ២០០២ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតច្បាប់ពីសាកលវិទ្យាល័យ ហ្សង់ មូឡាំង លីយ៉ុង  (JEAN MOULIN LYON 3) ប្រទេសបារាំង។​​ អតីតប្រធានមេធាវីកម្ពុជារូបនេះ បច្ចុប្បន្នមានវ័យ៤៦ឆ្នាំ ទើបនឹងចប់អាណត្តិជាប្រធានគណៈមេធាវី នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤កន្លងទៅថ្មីៗប៉ុណ្ណោះ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត