
រាជធានីភ្នំពេញ៖ លោក ឡេ ហាយជុង (Le Haoi Trung) សមាជិក គណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម នៅថ្ងៃទី២៤ធ្នូ ឆ្នាំ២០២៤នេះ ត្រូវបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា...។

ក្នុងជំនួបនោះ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា សម្តេចជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាម នាពេលនេះ នឹងចូលរួមចំណែកពូនជ្រុំនូវទំនាក់ទំនងដ៏ល្អ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងគណបក្ស និងប្រទេសទាំងពីរ ឱ្យឡើងមួយកម្រិតទៀត។ ជាមួយគ្នា សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការជឿជាក់ទុកចិត្តគ្នាទៅវិញទៅមកក្នុងស្មារតីរួមលើការ«ពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» ដោយរក្សាបាននូវចំណងមិត្តភាពជាប្រពៃណីតាំងពីថ្នាក់ដឹកនាំជំនាន់មុន ហើយបន្តថែរក្សាទំនាក់ទំនងនេះ ឱ្យមានភាពរឹងមាំរហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។ បន្ថែមលើនេះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា ក្រោមកិច្ចដឹកនាំរបស់លោក តូ ឡាំ ជាប្រមុខដឹកនាំ ប្រទេសវៀតណាម នឹងសម្រេចបាននូវគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់នៅឆ្នាំ២០៤៥។

ដោយឡែក លោក ឡេ ហាយជុង បានសម្ដែងនូវក្ដីសោមនស្សរីករាយជាខ្លាំង និងបានថ្លែងអំណរគុណសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម។ ជាមួយគ្នា លោក ឡេ ហាយជុង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក តូ ឡាំ (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្ដ វៀតណាម លោក លួង គួង Luong Cuong ប្រធានរដ្ឋ និងលោកនាយករដ្ឋមន្រ្តី ផាម មីញជីញ Pham Minh Chinh ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ផងដែរ។ លោក ឡេ ហាយជុង ក៏បានអបអរសាទរចំពោះសមិទ្ធផលធំៗ ដែលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងខ្លាំងក្លា លើគ្រប់វិស័យ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ ព្រមទាំងកិត្យានុភាពរបស់កម្ពុជា កាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ..៕





