ក្រុមអ្នកស្រាវជ្រាវកូរ៉េខាងត្បូង បង្កើតឈុតក្រោះដូច «Iron Man» ជួយជនពិការឱ្យដើរបាន
N
Nary Vann
24 ធ្នូ 2024 01:00 AM

រដ្ឋធានីសេអ៊ូល៖ ក្រុមអ្នកស្រាវជ្រាវកូរ៉េខាងត្បូង បានបង្កើតមនុស្សយន្តដែលអាចពាក់បានទម្ងន់ស្រាលហៅថា WalkON Suit F1 សម្រាប់ភ្ជាប់ទៅនឹងរាងកាយរបស់មនុស្សដែលមានពិការភាព ហើយអាចជួយឱ្យពួកគេដើរ ជៀសឧបសគ្គ និងឡើងជណ្តើរបាន។ 

ក្រុមការងារ Exoskeleton Laboratory នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់កូរ៉េ (KAIST) បានឱ្យដឹងថា គោលបំណងរបស់ពួកគេ គឺបង្កើតមនុស្សយន្តដែលអាចប្រើប្រាស់បានយ៉ាងរលូនទៅក្នុងជីវិតប្រចាំថ្ងៃរបស់បុគ្គលមានពិការភាព។ លោក គីម សឿងហ៊្វាន់ (Kim Seung-hwan) ដែលខ្លួនគាត់ជាអ្នកពិការ និងជាផ្នែកមួយនៃក្រុម KAIST បានបង្ហាញគំរូដើម ជួយគាត់ឱ្យដើរក្នុងល្បឿន ៣,២គីឡូម៉ែត្រក្នុងមួយម៉ោង ឡើងជណ្តើរ និងការដើរចូលកន្លែងចង្អៀត។ WalkON Suit F1 ធ្វើឡើងពីអាលុយមីញ៉ូម និងទីតានីញ៉ូម ដោយមានទម្ងន់៥០គីឡូក្រាម និងត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រូនិចចំនួន១២ ដែលត្រាប់តាមចលនាសន្លាក់របស់មនុស្សនៅពេលដើរ។ 

លោក ផាក ជុងស៊ូ (Park Jeong-su) សមាជិកម្នាក់ទៀតនៃក្រុម KAIST បានឱ្យដឹងថា គាត់ត្រូវបានបំផុសគំនិតដោយខ្សែភាពយន្តរឿង Iron Man។ លោកបានលើកឡើងថា៖«បន្ទាប់ពីមើលរឿង Iron Man ខ្ញុំគិតថា វាពិតជាមានប្រយោជន៍ប្រសិនបើខ្ញុំអាចជួយមនុស្សដោយប្រើមនុស្សយន្ត»។ ដើម្បីធានាបាននូវតុល្យភាពរបស់អ្នកប្រើប្រាស់នៅពេលដើរ មនុស្សយន្តនេះត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញានៅលើបាតជើងរបស់វា និងនៅក្នុងតួខ្លួនខាងលើ ដែលត្រួតពិនិត្យសញ្ញាចំនួន១០០០ ក្នុងមួយវិនាទី ហើយប្រមើលមើលចលនាដែលអ្នកប្រើប្រាស់ចង់បាន។ ផ្នែកខាងមុខនៃកញ្ចក់របស់មនុស្សយន្តធ្វើការដូចជាភ្នែក វិភាគជុំវិញរបស់វា កំណត់កម្ពស់ជណ្តើរ និងស្វែងរកឧបសគ្គ ដើម្បីបំពេញបន្ថែមនូវកង្វះសមត្ថភាពញ្ញាណរបស់អ្នកប្រើប្រាស់ដែលមានពិការភាពពេញលេញ។ គួរបញ្ជាក់ថា លោក គីម សឿងហ៊្វាន់ បានឈ្នះមេដាយមាសនៅពេលបង្ហាញ WalkON Suit F1 នៅក្នុងកម្មវិធីបច្ចេកវិទ្យា Cybathlon ២០២៤៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត