កម្មវិធីប្រឡង«សម្រស់នារីខ្មែរ»នៅខេត្តព្រះត្រពាំងកម្ពុជាក្រោម ទទួលការគាំទ្រខ្លាំង ប៉ុន្តែប្រឈមនឹងការបិទ
S
Sreyleak Yith
21 ធ្នូ 2024 09:00 AM

ខេត្តព្រះត្រពាំង៖​​ កម្មវិធី«សម្រស់នារីខ្មែរ»​​ នៅកម្ពុជាក្រោម ដែលបានរៀបចំធ្វើឡើងនៅវត្តស្វាយសៀមចាស់ ស្រុកថ្កូវ ខេត្តព្រះត្រពាំង (ត្រាវិញ​) បើទោះបីជាមានការគាំទ្រខ្លាំង តែកំពុងប្រឈមនឹងការបិទកម្មវិធីនេះវិញនៅពេលណាមួយ ព្រោះខ្វះថវិកាក្នុងការចាត់ចែងរៀបចំកម្មវិធី…។

ឆ្លើយតបនឹងសំណួររបស់អង្គភាពសារព័ត៌មាន SBM News តាមរយៈសារអាទ្បិចត្រូនិច កាលពីថ្ងៃទី២០ ខែធ្នូ​ ឆ្នាំ២០២៤​​ ព្រះចៅអធិការវត្តស្វាយសៀមចាស់​​ ព្រះនាម ថាច់ ថាយយឿង និងជាប្រធានក្រុមខេមរារក្សាវប្បធម៌ខ្មែរ មានព្រះសង្ឃដិកាយ៉ាងដូច្នេះថា៖ កម្មវិធី «សម្រស់នារីខ្មែរ» នៅកម្ពុជាក្រោមនេះ​​ ទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងខ្មែរក្រោម និងខ្មែរនៅក្រៅប្រទេស។​​​​ កម្មវិធីនេះ ធ្វើទ្បើងមានគោលដៅ​ក្នុងការ​​ថែរក្សាវប្បធម៌សម្លៀកបំពាក់ជាតិខ្មែរ​​ លើកកម្ពស់តម្លៃនារីខ្មែរក្រោមឱ្យបងប្អូនគ្រប់ប្រទេស បានឃើញពីនារីខ្មែរក្រោម។ ក្នុងនោះ ក៏ដើម្បីបណ្តុះស្មារតីជាតិដល់កូនខ្មែរក្រោមឱ្យចេះស្រឡាញ់វប្បធម៌ជាតិខ្លួនទូទាំងខ្មែរក្រោម និងខ្មែរនៅក្រៅប្រទេសផងដែរ។

ព្រះចៅអធិការ ថាច់ ថាយ យៀង នៅវត្តស្វាយសៀមចាស់​​ ជាប្រធានក្រុមខេមរារក្សាវប្បធម៌ខ្មែរ 
ព្រះចៅអធិការ ថាច់ ថាយ យៀង នៅវត្តស្វាយសៀមចាស់​​ ជាប្រធានក្រុមខេមរារក្សាវប្បធម៌ខ្មែរ 

បន្ថែមលើនេះ ព្រះចៅអធិការមានព្រះសង្ឃដិកាបន្តថា​ ក្រុមការងារមានគោលដៅធ្វើសកម្មភាពនេះបន្តទៀតដែរ តែខ្វះថវិកាក្នុងការធ្វើ ក្រុមខេមរារក្សាវប្បធម៌អាចនឹងឈប់ធ្វើពេលណាមួយ ព្រោះរដ្ឋគេមិនបានជួយនូវការធ្វើវប្បធម៌ខ្មែរយើងទេ យើងធ្វើដោយកម្លាំងសាមគ្គី និងមានតែសមាគមអ្នកប្រាជ្ញខ្មែរក្រោមជួយឧបត្ថម្ភតែប៉ុណ្ណោះ។​ ព្រះចៅអធិការសង្កត់ធ្ងន់ថា៖«អាត្មាសង្ឃឹមថា មានការចូលរួមឧបត្ថម្ភទាំងក្នុងស្រុក​​ និងក្រៅស្រុកឱ្យបានច្រើនកុះករ ព្រោះកម្មវិធីនេះឧបត្ថម្ភធំតែសមាគមអ្នកប្រាជ្ញខ្មែរក្រោម គឺគ្រួសារ លោកមា ថាច់ តារា នៅកាណាដាដែលមានដើមកំណើតជាខ្មែរក្រោម។ អាត្មាសូមអំពាវនាវដល់មហាជនជួយគ្នា ដើម្បីថែរក្សានូវកម្មវិធីនេះបន្តទៀត សាសន៍គេឧបត្ថម្ភដែរតែកម្មវិធីខ្មែរមិនលាយឡំសាសន៍ដទៃ»

គួរឱ្យដឹងដែរថា​ អ្នកចូលប្រឡងទាំងអស់ គឺសុទ្ធតែជាខ្មែរក្រោមនៅដែនដីខ្មែរកម្ពុជាក្រោមតែម្ដង។ ចំនួនអ្នកចូលរួមមានចំនួន១៤០នាក់ ហើយជម្រុះនៅសល់ចំនួន២០នាក់មកចូលរួមនៅមណ្ឌលប្រឡងវត្តស្វាយសៀមចាស់។​​ កម្មវិធីប្រកួតសម្រស់នេះ បានចាប់ផ្តើមធ្វើដំបូងនៅឆ្នាំ២០២០ តែឆ្នាំ២០២១ បានឈប់មួយឆ្នាំ ហើយក៏ចាប់ផ្តើមធ្វើទ្បើងវិញជាលើកទី២ នៅក្នុងឆ្នាំ២០២២​​​ និងលើកទី៣ នៅឆ្នាំ២០២៣ ហើយការធ្វើក្នុងឆ្នាំ២០២៤នេះជាលើក៤ហើយ ដែលទើបតែបញ្ចប់កាលពីថ្ងៃទី១៦​​ ​ខែធ្នូ​ ឆ្នាំ២០២៤ថ្មីៗ អ្នកដែលទទួលបានចំណាត់ថ្នាក់លេខ១ គឺ​​បេក្ខនារី សើង ធី ហ្វាងម៉ាយ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត