ចំណេះដឹងទូទៅ៖ ថ្ងៃនេះ SBM News នឹងបង្ហាញមុខមាត់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៦ ដែលស្ថិតក្នុងចំណោមប្រទេសទាំង៤០ ដែលស្អាតជាងគេបំផុតលើពិភពលោក ផ្អែកលើការស្ទង់មតិសកលដោយទស្សនាវដ្តី U.S. News & World Report។ មែនទែនទៅ ការវាយតម្លៃនេះបានគ្របដណ្ដប់លើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន១០ប្រការដូចជា៖ ការផ្សងព្រេង ភាពបត់បែន ឥទ្ធិពលវប្បធម៌ ស្មារតីសហគ្រិន បេតិកភណ្ឌ ការបើកចំហចំពោះអាជីវកម្ម គុណភាពនៃជីវិត គោលបំណងសង្គម និងសមត្ថភាពជាតិ។ ដូច្នេះ តើក្នុងចំណោម៦ប្រទេស មានប្រទេសណាខ្លះជាប់ឈ្មោះជាប្រទេសស្អាតបំផុតលើលោក...?

លំដាប់ទី១ ប្រទេសថៃ៖ ប្រទេសក្បែរខាងកម្ពុជាមួយនេះល្បីល្បាញខាងទីវត្តអារាមព្រះពុទ្ធសាសនា និងការកម្សាន្តពេលរាត្រីដ៏រស់រវើក ខណៈប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងបញ្ជីជាប្រទេសស្អាតបំផុតក្នុងលោក។ ជាក់ស្តែង ថៃបានបើកទ្វារបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ៣៣លាននាក់គិតមកទល់ពេលនេះ ខណៈប្រទេសនេះកំពុងព្យាយាមដើម្បីសម្រេចគោលដៅចំនួន ៣៦លាននាក់នៅឆ្នាំ២០២៤នេះ។

លំដាប់ទី២ ឥណ្ឌូណេស៊ី៖ ប្រទេសធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះទទួលបានចំណាត់ថ្នាក់លេខ២៧ ក្នុងបញ្ជីជាប្រទេសស្អាតបំផុតលើពិភពលោក។ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់មួយនេះបានទទួលភ្ញៀវបរទេសជាង ១០លាននាក់ក្នុងឆ្នាំ២០២៤។

លំដាប់ទី៣ ម៉ាឡេស៊ី៖ ម៉ាឡេស៊ីស្ថិតនៅលេខ៣២ក្នុងបញ្ជីប្រទេសស្អាតបំផុតនៅលើលោក បន្ទាប់ពីឥណ្ឌូណេស៊ី។ ម៉ាឡេស៊ីមានភាពសម្បូរបែបនៃវប្បធម៌ ដោយបានទទួលភ្ញៀវទេសចរជាង ២០លាននាក់គិតត្រឹមខែតុលាឆ្នាំ២០២៤នេះ។

លំដាប់ទី៤ សិង្ហបុរី៖ ប្រទេសតូចជាងគេនៅអាស៊ានមួយនេះបានកត់ត្រាចំនួនភ្ញៀវអន្តរជាតិជិត ១៤លាននាក់គិតត្រឹមខែតុលាឆ្នាំ២០២៤នេះ ខណៈតោកន្ទុយត្រីសិង្ហបុរីឈរនៅលំដាប់ទី៣៣ ជាប្រទេសស្អាតបំផុតមួយនៅលើពិភពលោក។

លំដាប់ទី៥ ហ្វីលីពីន៖ ប្រទេសកោះ[ហ្វីលីពីន]បានទាក់ទាញភ្ញៀវបរទេសចំនួន ៥លាននាក់នៅឆ្នាំ២០២៤នេះ ខណៈហ្វីលីពីនឈរនៅលេខរៀងទី៣៤ ក្នុងបញ្ជីរជាប្រទេសស្អាតបំផុតក្នុងពិភពលោក។

លំដាប់ទី៦ វៀតណាម៖ វៀតណាមជាប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ជាប់ចំណាត់ថ្នាក់លេខ៣៦ ជាប្រទេសស្អាតបំផុតក្នុងលោក ខណៈប្រទេសជាប់ព្រំដែនខាងកើតកម្ពុជាមួយនេះល្បីល្បាញដោយសារម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ទេសភាពធម្មជាតិដ៏អស្ចារ្យ ភាពទាក់ទាញនៃវប្បធម៌ ប្រវត្តិសាស្ត្រដ៏សម្បូរបែប និងការបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ។ គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២៤ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរបរទេសជិត១៦លាននាក់។

គួរបញ្ជាក់ថា ប្រទេសក្រិកបានជាប់ចំណាត់ថ្នាក់ជាប្រទេសដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៤ តាមពីក្រោយដោយប្រទេសនូវែលស្សេឡង់ជាប់ចំណាត់ថ្នាក់លេខ២ និងប្រទេសអ៊ីតាលីស្ថិតនៅលំដាប់ទី ៣ជាប្រទេសស្អាតបំផុតនៅលើពិភពលោក។ នេះបើយោងតាមទិន្នន័យរបស់ទស្សនាវដ្តី U.S. News & World Report ផ្អែកលើការស្ទង់មតិសក៕
